រ៉ូម ៖ នៅរយៈពេលពេញមួយថ្ងៃច័ន្ទនេះ អ៊ីតាលីបន្តមានអ្នកស្លាប់ដោយសារតែ COVID-19 មានចំនួន ៦០២នាក់បន្ថែមទៀត ដែលប្រការបាននាំឲ្យចំនួនមនុស្សស្លាប់សរុបនៅក្នុងប្រទេសអឺរ៉ុបមួយនេះ កើនឡើងដល់៦០៧៨នាក់។ នេះបើតាមការប្រកាសរបស់អាជ្ញាធរអ៊ីតាលីនៅយប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០។
បើតាមអាជ្ញាធរអ៊ីតាលបន្តថា ក្រៅពីការកើនឡើងនៃចំនួនមនុស្សស្លាប់, ចំពោះករណីឆ្លងសរុបនៃ COVID-19 ក៏បានកើនឡើងពី ៥៩,១៣៨នាក់ ទៅដល់ ៦៣,៩២៨នាក់ នៅទូទាំងប្រទេស។
សូមជម្រាបថា គិតត្រឹមល្ងាចថ្ងៃចន្ទ ទី២៣ ខែមីនា ឆ្នាំ២០២០នេះ COVID-19 បានវាយលុកចូលដល់ប្រទេស និងដែនដីសរុបចំនួន១៨៦ ហើយនៅទូទាំងសកលលោក ពោលវាបានសាយភាយពាសពេញ ទ្វីបទាំងអស់លើភពផែនដី លើកលែងតែទ្វីបទឹកកកអង់តាក់ទិកមួយប៉ុណ្ណោះ។ ជំងឺរាតត្បាតដ៏កាចសាហាវមួយនេះ វាបានចម្លងទៅមនុស្សសរុបចំនួន ៣៤៣,៣៩៤ ករណី ដែលក្នុងនោះ ១៤,៧៧០ នាក់ស្លាប់ និង ៩៩,០៤៦នាក់ ជាសះស្បើយនៅទូទាំងសកលលោក៕