ចំនួនអ្នកស្លាប់ដោយសារ COVID-19 នៅសហរដ្ឋអាមេរិកកើនដល់៥២០នាក់
វ៉ាស៊ីនតោន ៖ អាជ្ញាធរសុខាភិបាលអាមេរិកបានបញ្ជាក់ថា ពេលនេះចំនួនមនុស្សស្លាប់ដោយសារ COVID-19 មានសរុប៥២០នាក់ហើយ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៤១,០០០ករណី ខណៈដែល រដ្ឋដែលកំពុងរងគ្រោះធ្ងន់ធ្ងរជាងគេគឺញូយ៉ក ដែលមានអ្នកជំងឺ COVID-19 បាត់បង់ជីវិតរហូតដល់ ១៥៧នាក់។ នេះបើយោងតាមសារព័ត៌មាន CNN។
អាជ្ញាធរសុខាភិបាលក៏បានបញ្ជាក់ផងដែរថា ចំនួនមនុស្សស្លាប់នៅថ្ងៃចន្ទដើមសប្តាហ៍ថ្មីនេះ (ពេលវេលានៅអាមេរិក) បានលោតដល់ ១០១នាក់ក្នុងមួយថ្ងៃ និងជាលើកដំបូងបំផុត។
បើតាមអនុប្រធានាធិបតីអាមេរិកលោក ម៉ៃក៍ ភែន បាននិយាយថា មកទល់ពេលនេះសហរដ្ឋអាមេរិក បានធ្វើតេស្តលើមនុស្សសរុប ៣១៣,០០០នាក់ហើយ ដើម្បីរកមើលអ្នកផ្ទុកវីរុសកូរ៉ូណាថ្មី (COVID-19) ដោយក្នុងនោះជាង ៤១,០០០នាក់ចេញលទ្ធផលវិជ្ជមាន COVID-19៕