ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឡើងដល់៩១នាក់ហើយ ខណៈមានអ្នកជាសះស្បើយពីជំងឺកូវីដ១៩ រហូតដល់ចំនួន៤នាក់ គិតត្រឹមយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល។
បើតាមក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកឆ្លងថ្មីចំនួន៤នាក់ រួមមាន ៖ បុរសជនជាតិអង់គ្លេស អាយុ៦១ឆ្នាំ ស្រ្តីជនជាតិអង់គ្លេសអាយុ៦៩ឆ្នាំ, ប្តីជនជាតិអាមេរិកអាយុ៥៩ឆ្នាំ និងប្រពន្ធជនជាតិអាមេរិកអាយុ៦២ឆ្នាំ។ អ្នកទាំង៤នាក់ជាអ្នកដំណើររបស់កប៉ាល់ Viking Cruise ដែលចូលចត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ទោះជាយ៉ាងនេះក្តី ក្រសួងសុខាភិបាលផងដែរថា នៅថ្ងៃនេះមានអ្នកជំងឺកូវីដ១៩ចំនួន៤នាក់ ត្រូវបានព្យាបាលជាសះស្បើយទាំងស្រុង ក្នុងនោះមាន២នាក់ នៅខេត្តត្បូងឃ្មុំ និង២នាក់នៅខេត្តបាត់ដំបង។ អ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយនៅខេត្តត្បូងឃ្មុំ មានបុរសអាយុ៦១ឆ្នាំ និងបុរសអាយុ៥៣ឆ្នាំ ហើយត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យខេត្តត្បូងឃ្មុំនៅថ្ងៃនេះ។ ចំណែកអ្នកជំងឺដែលត្រូវបានព្យាបាលជាសះស្បើយនៅខេត្តបាត់ដំបង គឺបុរសអាយុ៤១ឆ្នាំ និងបុរសអាយុ៤២ឆ្នាំ ដែលត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យផងដែរ៕