វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក អាចនឹងក្លាយជា «ចំណុចកណ្ដាលសកលថ្មី» នៃការឆ្លងរាតត្បាតរបស់ COVID-19 ក្នុងពេលដែលករណីឆ្លងនៅក្នុងប្រទេសមហាអំណាចផុតលេខមួយនេះ ហាក់ដូចមិនមានភាពធូរស្រាលឡើយ។ នេះជាសារព្រមានរបស់អង្គការសុខភាពពិភពលោក ( WHO ) ដែលត្រូវបានសារព័ត៌មានបរទេសដកស្រង់យកមកចុះផ្សាយកាលពីម្សិលមិញ។
តាមរបាយការណ៍បានបញ្ជាក់ថា ក្នុងរយៈពេលត្រឹមតែ២៤ម៉ោងមុន ៨៥ភាគរយនៃករណីឆ្លង COVID-19 ត្រូវបានរាយការណ៍នៅអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយក្នុងនោះទៀតសោត មាន ៤០ភាគរយ នៅក្នុងសហរដ្ឋអាមេរិក។ ជាក់ស្ដែង គិតត្រឹមថ្ងៃចន្ទម្សិលមិញ អាជ្ញាធរសុខាភិបាលអាមេរិក បានទទួលស្គាល់ថាអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ ទូទាំងប្រទេស បានកើនដល់ច្រើនជាង ៤២,០០០នាក់ ក្នុងនោះមានអ្នកស្លាប់រហូតដល់៥៥៩នាក់។
ផ្តើមពីការរាតត្បាតយ៉ាងឆាប់រហ័សនិងចំនួនច្រើនោះហើយទើបមន្ត្រីអ្នកនាំពាក្យអង្គការ WHO លោកស្រី Margaret Harris បានគូសបញ្ជាក់ថា អាមេរិកនឹងក្លាយជាចំណុចកណ្តាលថ្មីនៃការឆ្លងរាតត្បាតយ៉ាងសាហាវ COVID-19 ៕