អាជ្ញាធរខេត្តកំពង់ចាមបើកយុទ្ធនាការក្តៅនៅតាមមូលដ្ឋានដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 March, 2020 ក+ ក-

ខេត្តកំពង់ចាម ៖ ដើម្បីទប់ស្កាត់ការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩នៅគ្រប់មូលដ្ឋានក្នុងភូមិសាស្ត្រខេត្តកំពង់ចាមក្រោយពីទទួលការណែនាំពី លោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ covid19 ខេត្តកំពង់ចាម អាជ្ញាធរមូលដ្ឋាននានាទាំង១០ក្រុង-ស្រុកនៃខេត្តកំពង់ចាម  បានបើកយុទ្ធនាការយ៉ាងក្ដៅគគុកដោយប្រើប្រាស់រថយន្ត ឬម៉ូតូជាមធ្យោបាយភ្ជាប់ជាមួយឃោសនា ស័ព្ទដើម្បីធ្វើការផ្សព្វផ្សាយសារអប់រំអំពីវិធានការនានាក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩  នៅគ្រប់ច្រកល្ហកផងដែរ។

ជាក់ស្ដែងនាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០នេះ លោក ផេន សុផល អភិបាលស្រុកបាធាយ និងលោក អូត ឈាង អធិការនគរបាលស្រុកជើងព្រៃក៏ដូចជានៅតាមបណ្ដាក្រុង-ស្រុកទូទាំងខេត្តកំពង់ចាមបានដឹកនាំកម្លាំង និងមន្ត្រីពាក់ព័ន្ធចុះផ្សព្វផ្សាយដោយចាក់សារសំឡេងអប់រំនៅតាមទីសាធារណៈ  និងទីផ្សារនានាតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលក៏ដូចជាគោលការណ៍របស់រដ្ឋបាល ខេត្តកំពង់ចាមដែលមានខ្លឹមសារថា ១-ត្រូវលាងសម្អាតដៃឲ្យបានស្អាតញឹកញាប់ជាមួយនឹងសាប៊ូ ឬ  អាល់កុលជាប់ជាប្រចាំ។ ២-ត្រូវផ្ទប់មាត់ ច្រមុះនៅពេលក្អក កណ្តាស់ដោយប្រើកែងដៃ ឬក្រដាស់អនាម័យ រួចបោះចោលក្នុងធុងសំរាមភ្លាម ហើយលាងសម្អាតដៃនឹងសាប៊ូឲ្យបានស្អាត។  ៣-ត្រូវនៅឲ្យ ឆ្ងាយពីអ្នកមានជំងឺគ្រុនក្ដៅ ក្អក កណ្តាស់ ផ្តាសាយ។ ៤-ត្រូវជៀសវាងការជួបជុំកន្លែងដែលមាន មនុស្សចូលរួមច្រើន។ ៥-បើសិនជាមានរោគសញ្ញាណាមួយ ឬមានបញ្ហាសុខភាពផ្សេងៗ សូមប្រញាប់ ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុត។ ៦-ចំពោះបងប្អូនប្រជាពលរដ្ឋដែលទើបតែវិល ត្រឡប់មកពីក្រៅប្រទេសត្រូវនៅតែក្នុងផ្ទះរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃមកដល់ ដោយត្រូវអនុវត្តន៍ ដូចខាងក្រោម គឺត្រូវនៅក្នុងបន្ទប់ដាច់ដោយឡែក ដែលមានខ្យល់អាកាសបរិសុទ្ធចេញចូលបានល្អ  សូមនៅឲ្យឆ្ងាយពីសមាជិកគ្រួសារចម្ងាយ២ម៉ែត្រ ត្រូវលាងដៃ ងូតទឹកសម្អាតខ្លួនប្រាណប្រដាប់ប្រដាប្រើប្រាស់ផ្សេងៗ និងផ្លាស់ប្ដូរសម្លៀកបំពាក់ដែលបានបោកគក់រួចឲ្យបានញឹកញាប់ ហើយតាមដាន សុខភាពផ្ទាល់ខ្លួន ប្រសិនបើក្តៅខ្លួន ក្អក កណ្តាស់ ឬពិបាកដកដង្ហើមសូមទាក់ទងទៅលេខទូរស័ព្ទ  ១១៥ជាបន្ទាន់ដើម្បីពិគ្រោះយោបល់ជាមួយនឹងគ្រូពេទ្យ សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋមានការយល់ដឹង និងអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីសុខភាពយើងទាំងអស់គ្នា៕ ដោយ ៖ ប៉ែន សុផល