ការបិទ​ប្រទេស​ថៃ​បង្ក​ឲ្យ​មានការ​ជម្លៀស​ពលករ​ចំណាកស្រុក​ចំនួន​៦០,០០០​នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2020 ក+ ក-

ថៃ ៖ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ថា ពលករ​ចំណាកស្រុក​ប្រហែល ៦០,០០០ នាក់​ដែល​កំពុង​រស់នៅ​ក្នុងប្រទេស​ថៃ​បាន​ភៀសខ្លួន​ចេញពី​ប្រទេស ចាប់តាំងពី​អាជ្ញាធរ​បាន​បិទ​ផ្សារ និង​អាជីវកម្ម​ជាច្រើន​កាលពី​ចុង​សប្តាហ៍​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា ។​

​វិធានការណ៍​ចុងក្រោយ​របស់​ប្រទេស​ថៃ​បានធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​គ្មាន​ការងារ​ធ្វើ និង​ជំរុញ​ឲ្យ​មានការ​ជម្លៀស​យ៉ាងច្រើន​នៃ​ពលករ​ចំណាកស្រុក​ប្រមាណ ៤ ឬ ៥ លាន​នាក់​របស់​ប្រទេស​នេះ​ភាគច្រើន​មកពី​ប្រទេស​ឡាវ មី​យ៉ាន់​ម៉ា និង​ប្រទេស​កម្ពុជា ។​

​ប្រទេស​ថៃ​បាន​បិទ​ព្រំប្រទល់​ដី​របស់ខ្លួន ហើយ​បាន​ប្រាប់​ប្រជាជន​ឲ្យ​ស្នាក់នៅ​ក្នុងផ្ទះ និង​បាន​បិទ​អាជីវកម្ម​ភាគច្រើន​ក្នុង​កិច្ចប្រឹងប្រែង​ដើម្បី​ទប់ស្កាត់​វីរុស​នេះ ហើយ​លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ចា ត្រូវបាន​កំណត់​ឲ្យ​ប្រើ​អំណាច​ប្រកាស​ប្រទេស​ក្នុង​ភាពអាសន្ន​នៅ​ថ្ងៃ​ព្រហស្បតិ៍ ។​

​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ថៃ​បាន​ប្រាប់​រ៉​យ​ទ័​រថា ពលករ​ចំណាកស្រុក​ប្រមាណ ៦០,០០០ នាក់​មកពី​ប្រទេស​ឡាវ កម្ពុជា និង​មី​យ៉ាន់​ម៉ា​បាន​វិលត្រឡប់​ទៅផ្ទះ​វិញ ហើយ​គិត​ត្រឹម​ថ្ងៃ​អង្គារ ខណៈដែល​ប្រទេស​ថៃ​បាន​រាយការណ៍​ពី​ករណី​វីរុស​ចំនួន ៩៣៤ ករណី​ដែលជា​ចំនួន​ខ្ពស់បំផុត​ទី ២ នៅ​អាស៊ីអាគ្នេយ៍ ។​

​ហ្វូងមនុស្ស​យ៉ាងច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ព្រំដែន​មី​យ៉ាន់​ម៉ា​ដោយ​កាន់​វ៉ា​លី និង​ស្ពាយ​ឥ​វ៉ាន់​នៅលើ​ខ្នង​របស់​ពួកគេ​ចំពេល​មាន​ភាពវឹកវរ​មួយចំនួន ខណៈដែល​ហ្វូងមនុស្ស​បាន​ប្រញាប់ប្រញាល​ទៅកាន់​ខ្លោងទ្វារ​ព្រំដែន ។​

​លោក Ye Min មកពី​គណៈកម្មាធិការ​សម្ព័ន្ធភាព​ជំនួយ​ក្នុងប្រទេស​ថៃ​បាន​និយាយថា “​អាជ្ញាធរ​រដ្ឋកំ​ពុងរៀ​ប​ចំ​បញ្ជូន​ពលករ​ទាំង​នោះ​ទៅ​រដ្ឋ និង​តំបន់​របស់​ពួកគេ​វិញ​តាម​រថយន្ត ប៉ុន្តែ​អ្នកខ្លះ​មិនអាច​រង់ចាំ និង​ព្យាយាម​ឆ្លងកាត់​តាមផ្លូវ​នោះ​” ។ លោក​បាន​និយាយថា មាន​មនុស្ស​ប្រមាណ ៣ ម៉ឺន​នាក់​បាន​ឆ្លងកាត់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​តាមរយៈ​ច្រក​ជាច្រើន ។​

​ដោយ​ដកស្រង់​កំណត់ត្រា​ផ្លូវការ​សមាជិកសភា​នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​លោ Thant Zin Aung បាន​និយាយថា ចំនួន​អ្នក​ដែល​បាន​ឆ្លងកាត់​ច្រក​តែមួយ​គឺមាន​ចំនួន ១៨,០០០ នាក់​ដោយមាន​ចំនួន​ប្រហាក់ប្រហែល​នឹង​ច្រក ៣ ផ្សេងទៀត ។​

​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​រាយការណ៍​ពី​ករណី​ទី ៣ នៃ​ការឆ្លង​វីរុស​នេះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទៅលើ​បុរស​អាយុ ២៦ ឆ្នាំ​ម្នាក់​ដែល​បាន​ហោះ​ពី​ចក្រភព​អង់គ្លេស​តាមរយៈ​ទីក្រុង​បាងកក ។ ពលករ​ដែល​ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ​ត្រូវ​ទទួល​ការត្រួតពិនិត្យ​សុខភាព ហើយ​ត្រូវបាន​បញ្ជា​ឲ្យ​រស់នៅ​ផ្តាច់ខ្លួន​នៅតាម​ភូមិ​ទូទាំងប្រទេស​រយៈពេល ១៤ ថ្ងៃ ។​

​យោងតាម​ការរាយការណ៍​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​ចំនួន ១១ នាក់​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ដោយមាន​អាកា​រៈ​គ្រុនក្តៅ​ខ្លាំង ហើយ​ពលករ​មួយចំនួនធំ​ក៏បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា និង​ឡាវ​ផងដែរ ៕