​អាមេរិក​ផ្អាកសកម្មភាព​យោធា​​ចេញទៅ​បរទេស​​ដើម្បី​ទប់​ស្កាត​កូ​រ៉ូ​ណា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 March, 2020 ក+ ក-

​វ៉ាស៊ីនតោន ៖ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​អាមេរិក​លោក Mark Esper បានចេញ​បទបញ្ជា​ឲ្យ​យោធា​អាមេរិក​ទាំងអស់​ផ្អាក​ធ្វើដំណើរ​ទៅ​បរទេស​រហូតដល់​៦០​ថ្ងៃ​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ជួយ​ទប់​ស្កាត​ការរីក​រាលដាល​នៃ​មេរោគ​ឆ្លង​កូ​រ៉ូ​ណា​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA ។

​នៅក្នុង​បទសម្ភាសន៍​មួយ​លោក Mark Esper បាន​និយាយថា​បទបញ្ជា​នេះ​ត្រូវបាន​អនុវត្ត​ទៅលើ​កងកម្លាំង​សហរដ្ឋអាមេរិក​បុគ្គលិក​ស៊ីវិល​និង​ក្រុមគ្រួសារ​របស់​សហរដ្ឋ​អាមេរិក​ទាំងអស់​ប៉ុន្តែ​បាន​កត់សម្គាល់ថា​នឹងមាន​ករណី​លើកលែង​មួយចំនួន​។​

​លោក Mark Esper បាន​បញ្ជាក់ថា «​គោលបំណង​របស់​វិធាន​ការដែល​បានដាក់​ចេញ​នេះ គឺ​ដើម្បី​ធានា​ឲ្យ​ប្រាកដថា យើង​មិន​នាំ​វីរុស​ត្រឡប់​ផ្ទះ​មក​ចម្លង​ដល់​អ្នកដទៃ​ទេ ដែល​នេះ​មានន័យថា យើង​មិន​បានធ្វើ​ឲ្យ​វា​រីក​រាលដាល​ក្នុងចំណោម​របស់​យោធា​យើង​ទេ​»​។​

​លោក​បាន​បន្ថែ​មៀត​ថា រហូតមកដល់​ពេលនេះ​វិធានការ​នេះ​គឺមាន​ឥទ្ធិពល​បំផុត​ហើយ​វា​នឹង​ជះឥទ្ធិពល​ដល់​កម្លាំង​នៅ​ជុំវិញ​ពិភពលោក​។ ​សហរដ្ឋអាមេរិក​បាន​និយាយថា ​ខ្លួន​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​កាត់បន្ថយ​ចំនួន​កងទ័ព​របស់ខ្លួន​នៅក្នុង​ប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​មក​នៅត្រឹម ៨.៦០០ នាក់​ក្នុង​រយៈពេល ១៣៥ ថ្ងៃ​នៃ​ការចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ជាមួយ​ពួក​តា​លី​បង់​កាលពី​ខែ​មុន​។​

​សូមជម្រាបថា បច្ចុប្បន្ននេះ​សហរដ្ឋអាមេរិក បាន​កត់ត្រា​អ្នក​ឆ្លង​សរុប​នៃ​ជំងឺ COVID-19 រហូតដល់ ៦៦,០៤៨​ករណី ក្នុងនោះ ៩៤៤​នាក់​ស្លាប់បាត់​បង់ជីវិត ហើយ ៣៩៤​នាក់​ផ្សេងទៀត​បានជា​សះស្បើយ​ឡើងវិញ​៕