ភ្នំពេញ ៖ បន្ទាប់ពីមានការឆ្លងរាលដាលកាន់តែច្រើនឡើងនៃជំងឺកូវីដ ១៩ រដ្ឋាភិបាលកម្ពុជាបានប្រកាសបិទ អាជីវកម្មបៀរហ្កាឌិន ទូទាំងជាបណ្ដោះអាសន្ន ដើម្បីឆ្លើយតបទៅនឹងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឹនេះបន្តទៀតនៅក្នុងសគមន៍កម្ពុជា ។
យោងតាមសេចក្តី ប្រកាសរបស់ក្រសួងទេសចរណ៍កម្ពុជា ចេញផ្សាយនៅថ្ងៃទី២៥ មីនា ២០២០ នេះបានអោយដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ រាជរដ្ឋាភិបាលបានសម្រេចឱ្យបិទអាជីវកម្មបៀរហ្កាឌិននៅគ្រប់រាជធានី ខេត្តជាបណ្ដោះអាសន្ន ចាប់ពីថ្ងៃទី២៥ មីនា ២០២០ តទៅ រហូតដល់មានមានជូនដំនឹងជាថ្មី ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះរដ្ឋាភិបាលប្រកាសបិទនូវក្លឹបកម្សាន្ត រោងភាពយន្ត និង ខារ៉ាអូខេទូទាំងប្រទេសផងដែរ ប៉ុន្តែនៅតែមិនទាន់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះបាន ពោលគឺ ចាប់តាំងពីប្រកាសបិទរួចមក កម្ពុជានៅតែរកឃើញករណី ផ្ទុកវីរុសកូរ៉ូណា ឬកូវីដ១៩ដដែល ដោយភាគច្រើនជាករណីនាំចូល ក្នុងនោះជនជាតិខ្មែរច្រើនជាងគេគឺមានចំនួនរហូតដល់៣៤ករណី ឬស្មើនឹង៤០ភាគរយ នៃអ្នកផ្ទុកសរុប បន្ទាប់មកគឺជនជាតិបារាំង មានចំនួន៣៣ករណី ឬស្មើនឹង៣៧ភាគរយនៃអ្នកផ្ទុកសរុប ។
ដោយសារតែការរាលដាលនៅតែបន្ត រដ្ឋាភិបាលក៏ប្រកាសបិទបៀរហ្កាឌិនចាប់ពីពេលនេះ ហើយទំហំនៃការប៉ះពាល់ទៅលើសេដ្ឋកិច្ចកាន់តែធ្ងន់ធ្ងរថែមទៀត ជាក់ស្ដែងហាងបៀរហ្កាឌិន នៅក្នុងប្រទេសកម្ពុជា បានផ្ដល់ការងារជូនប្រជាពលរដ្ឋរាប់ម៉ឺននាក់នាក់ ហើយបើសិនជាបិទ ហាងនេះ ច្បាស់ណាស់ អ្នកបាត់បង់ចំណូលនឹងកាន់តែកើនឡើងថែមទៀត ។
លោកវន់ ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានអោយដឹងថា លោកគាំទ្រនូវចំណាត់ការរបស់រដ្ឋាភិបាល ដែលបានចាត់វិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះ ក៏ប៉ុន្តែ ក្នុងអំឡុងពេលដែលបុគ្គលិកបម្រើការនៅក្នុងបៀរហ្កាឌិននេះ មិនមានប្រាក់ចំណូល រដ្ឋគួរតែមានប្រាក់ឧបត្ថម្ភធន់មួយចំនួនសម្រាប់ពួកគាត់ដោះស្រាយជីវភាពផងដែរ ។
លោកបន្តថា កាលពីមុននេះបន្តិច រដ្ឋាភិបាលបានប្រកាសបិទខារ៉ាអូខេ ក្លឹបកម្សាន្ត និងរោងកុន ហើយពួកគាត់មួយចំនួនក៏បានរត់ចូលមកធ្វើការក្នុងហាងបៀរហ្កាឌិន តែនៅពេលនេះបិទទាំងបៀរហ្កាឌិនទៀត ពួកគាត់នឹងអត់ការងារធ្វើហើយនឹងបាត់បង់ប្រាក់ចំណូលទាំងស្រុងតែម្ដង ។
លោកបន្ថែមថា ទន្ទឹមនឹងបញ្ហានេះ កាន់តែរាលដាលធំឡើង រដ្ឋាភិបាលក៏គួរតែជួយអន្តរាគមន៍ដល់មីក្រូហិរញ្ញវត្ថុ និងធនាគារពាណិជ្ជ ដែលផ្ដល់ឥណទានដល់ពលរដ្ឋ ផ្អាកការបង់ឬពន្យារពេលបង់មួយរយៈរហូតដល់រដ្ឋាភិបាលប្រាកដថា អាចគ្រប់គ្រងស្ថានការណ៍នៃជំងឺនេះបាន បើពុំទោះទេ ពលរដ្ឋដែលបាត់បង់ចំណូលនឹងមិនមានប្រាក់សម្រាប់បង់ទៅធនាគារវិញនោះឡើយ ។
កាលពីប៉ុន្មានថ្ងៃមុនេះដែរ ប្រធានគណបក្សយុវជនកម្ពុជាក៏បានស្នើទៅរដ្ឋាភិបាលជួយអន្តរាគមន៍ពន្យារការបង់ឬផ្អាកមួយរយៈក្នុងពេលកូវីដ កំពុងតែរាលដាលខ្លាំងដូច្នេះ ៕
រដ្ឋាភិបាលប្រកាសបិទហាង បៀរហ្កាឌិនទូទាំងប្រទេស