រាជរដ្ឋាភិបាលទទួលថវិកាពីសប្បុរសជនបានជិត ៩លានដុល្លារសម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩
ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញថា រាជរដ្ឋាភិបាលបានទទួលថវិកាចំនួនជិត ៩លានដុល្លារពីសប្បុរសជនក្នុងស្រុក សម្រាប់ប្រើប្រាស់ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ខណៈដែលនៅកម្ពុជាកំពុងរកឃើញអ្នកឆ្លងជំងឺនេះជាបន្តបន្ទាប់។
សម្តេចតេជោបានបញ្ជាក់ថា ៖ «មកដល់ពេលនេះ ថវិកានៃការចូលរួមរបស់សប្បុរសជនបានប្រមាណជាជិត ៩លាន។ សូមអរគុណជាមួយនឹងការអរព្រះគុណចំពោះព្រះករុណា ព្រះមហាក្សត្រ ក៏ដូចជាសម្តេចម៉ែជាទីសក្ការៈ។ អរគុណចំពោះសប្បុរសជននានាដែលបានចូលរួម មិនថាច្រើន មិនថាតិច។ នេះបង្ហាញពីទឹកចិត្តដែលខ្មែរចេះស្រឡាញ់គ្នា។ ថវិកាយើងប៉ុណ្ណេះ គ្រាន់តែពលរដ្ឋរបស់យើងចំនួនទឹកប្រាក់ជាង ៨លានដុល្លារដែលចូលរួម តែប៉ុន្មានថ្ងៃទេ ហើយយើងនឹងបន្តទទួលដោយសារជំងឺនេះវាអត់ទាន់ស្ងប់ទេ»៕