ភ្នំពេញ ៖ នៅថ្ងៃនេះក្រសួងសុខាភិបាលកម្ពុជា បានរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ (COVID-19) ថ្មីចំនួន៤នាក់បន្ថែមទៀត ធ្វើឱ្យអ្នកឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាបានឡើងដល់១០៧នាក់ហើយ ខណៈថ្ងៃនេះផងដែរមានអ្នកជំងឺ២នាក់ជាសះសកបើយបន្ថែមទៀត សរុបចំនួនជាសះស្បើយកើនដល់២៣នាក់។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។
តាមការប្រកាសរបស់ក្រសួងសុខាភិបាល បានឱ្យដឹងថា ចំនួនអ្នកឆ្លងថ្មី៤នាក់នោះ មានទី១៖ បុរសជនជាតិខ្មែរ អាយុ៣០ឆ្នាំ ដែលបម្រើការងារនៅកាស៊ីណូ និងខារ៉ាអូខេមួយ នៅច្រកប៉ោយប៉ែត, ទី២៖ បុរសជនជាតិខ្មែរអាយុ៣៦ឆ្នាំ នៅស្រុកចំការលើ ខេត្តកំពង់ចាម ដែលជាអ្នកដំណើរត្រឡប់ពីប្រទេសជប៉ុនចូលកម្ពុជា ថ្ងៃទី២៨ ខែមីនា, ទី៣៖ ស្រ្តីជនជាតិខ្មែរ អាយុ២០ឆ្នាំ នៅក្នុងសង្កាត់អូរឫស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលទើបវិលត្រឡប់ពីប្រទេសអង់គ្លេស ចូលមកកម្ពុជាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ និងទី៤៖ បុរសជនជាតិបារាំង នៅម្តុំទួលទំពូង រាជធានីភ្នំពែញ ដែលធ្វើដំណើរទៅប្រទេសហ្គុយយ៉ាណា មកដល់កម្ពុជាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០។
ដោយឡែក សម្រាប់អ្នកជំងឺកូវីដ១៩ ដែលត្រូវបានព្យាបាលជាសះស្បើយថ្មី២នាក់ទៀត គឺមាន បុរសអាយុ៣៨ឆ្នាំ ដែលឆ្លងពីជនជាតិជប៉ុន នៅខេត្តសៀមរាប និងបុរសអាយុ៣៥ឆ្នាំ នៅខេត្តបន្ទាយមានជ័យ។ ពួកគេត្រូវបានធ្វើតេស្តចំនួន២លើកឃើញថា លទ្ធផលអវិជ្ជមានទាំងពីរលើក។ អ្នកទាំងពីរត្រូវបានអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញនៅថ្ងៃនេះ៕