ភ្នំពេញ ៖ រដ្ឋសភាបានសម្រេចយល់ព្រមទាំងស្រុងលើសេចក្តីស្នើតែងតាំង និងកែសម្រួលថ្នាក់ទេសរដ្ឋមន្រ្តី និងរដ្ឋមន្រ្តីថ្មីសរុប ៩រូប ជាសមាសភាពរាជរដ្ឋាភិបាល តាមការស្នើឡើងរបស់នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម័យប្រជុំវិសាមញរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នេះ បានធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន រួមទាំងតំណាងរាស្រ្តសរុបចំនួន ១២១រូប។
* សម្រាប់តំណែងរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះមាន៖
លោក ចម ប្រសិទ្ធ ជារដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
លោក កើត រិទ្ធ ជារដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ជំនួសលោក អង្គ វង្សវឌ្ឍានា
លោក ជា វ៉ាន់ដេត ជារដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ជំនួសលោក ត្រាំ អ៉ីវតឹក
លោក ឈិត សុខុន ជារដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ជំនួសលោក ហ៊ឹម ឆែម
លោក ព្រំ សុខា ជារដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ជំនួសលោក ពេជ្រ ប៊ុនធិន
* សម្រាប់តំណែងទេសរដ្ឋមន្រ្តីដែលរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តនេះមាន
លោក ចម ប្រសិទ្ធ ជាទេសរដ្ឋមន្រ្តី (រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍)
លោក ហ៊ឹម ឆែម ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក អង្គ វង្សវឌ្ឍានា ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក ត្រាំ អ៉ីវតឹក ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
លោក ពេជ្រ ប៊ុនធិន ជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស
គណៈរដ្ឋមន្ត្រីអាណត្តិទី០៦ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា បានឈ្នះក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ដោយទទួលបានអាសនៈទាំងអស់ក្នុងរដ្ឋសភា។ រហូតមកដល់ពេលនេះ គណៈរដ្ឋមន្រ្តីអាណត្តិថ្មីនោះ មានសមាសភាពសរុបចំនួន៤៩រូប ក្នុងនោះមាននាយករដ្ឋមន្រ្តី១រូប ឧបនាយករដ្ឋមន្រ្តី១០រូប ទេសរដ្ឋមន្រ្តី១៩រូប (បូកថ្មី៣) និងរដ្ឋមន្ត្រី ២៩រូបជាដើម៕