ភ្នំពេញ ៖ ដូចការគ្រោងទុកសម្ភារៈ និងឧបករណ៍វេជ្ជសាស្ត្រសម្រាប់ប្រើប្រាស់ប្រឆាំងនឹងជំងឺកូវីដ-១៩ ទម្ងន់ជាង២តោនបានដឹកមកដល់កម្ពុជាហើយ នាព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។ នេះ ជាជំនួយរបស់កងទ័ពរំដោះប្រជាជនចិន ប្រគល់ជូនក្រសួងការពារជាតិកម្ពុជា។
លោក នាយឧត្តមសេនីយ៍ ស៊ុ សំណាង អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានបង្ហាញជំនឿយ៉ាងមុតមាំថា តាមរយៈការផ្តល់ជំនួយបរិក្ខាសុខាភិបាល ការបង្ហាត់បង្រៀន ការប្រើប្រាស់ ប្រព័ន្ធបច្ចេកទេសទំនើប និងវិទ្យាសាស្ត្រ ប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យចិន ដែលមានបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសកូវីដ១៩ នោះ នឹងជួយដល់ស្ថាប័នសុខាភិបាល ក្នុងជួរកងយោធពលខេមរភូមិន ឲ្យកាន់តែមានសមត្ថភាព បង្ការ ទប់ស្កាត់ ការពារជំងឺឆ្លងនានា និងឈានឆ្ពោះទៅយកជ័យជម្នះលើសមរភូមិប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។
លោក នាយឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងការពារប្រទេស កងទ័ព និងប្រជាជនចិន ដែលបានផ្តល់ជំនួយឧបត្ថម្ភនូវសម្ភារៈបរិក្ខាពេទ្យ ប្រមាណជាង២តោន មកដល់ក្រសួងការពារជាតិកម្ពុជា នាពេលនេះ ដើម្បីបង្ការការពារទប់ស្កាត់ការរីករាយដាយលពីមេរោគជម្ងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុសកូវីដ-១៩ ។
គួររំលឹកថា ក្រសួងការពារប្រទេសចិន កាលពីថ្ងៃទី២៤ មីនា បានបញ្ជូនគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងវីរ៉ុសកូវីដ១៩ របស់កងទ័ពរំដោះប្រជាជនចិន ចំនួន៤រូប រួមជាមួយឧបករណ៍សម្ភារៈមួយចំនួនមកកម្ពុជា ដើម្បីបង្ហាត់បង្រៀនពីវិធានការទប់ស្កាត់ និងការព្យាបាលដល់ក្រុមគ្រូពេទ្យបង្គោល នៃកងយោធពលខេមរភូមិន្ទ ក្នុងគោលដៅប្រយុទ្ធបង្ការ ទប់ស្កាត់ ការរីករាលដាល នៃជំងឺរលាកផ្លូវដង្ហើម ដោយសារវីរ៉ុសកូវីដ១៩ ឲ្យមានប្រសិទ្ធភាពនៅកម្ពុជា។
សូមបញ្ជាក់ថា ៖ ក្រៅពីគ្រូពេទ្យ និងអ្នកជំនាញវេជ្ជសាស្ត្ររបស់កងទ័ពរំដោះប្រជាជនចិនទាំង៤រូប ប្រទេសចិន ក៏បានបញ្ជូនក្រុមគ្រូពេទ្យជំនាញចំនួន៧នាក់ផ្សេងទៀត និងសម្ភារៈបរិក្ខាពេទ្យការពារជំងឺកូវីដ១៩ មកកម្ពុជា កាលពីថ្ងៃទី២៣ ខែមីនា តាមរយៈជើងយន្តហោះពិសេស ៕