ធនាគារជាតិ ហាមគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ កុំរឹបអូសទ្រព្យបញ្ចាំ របស់កូនបំណុល
ភ្នំពេញ ៖ «គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ សូមរក្សាភាពទនភ្លន់ដោះស្រាយបំណុល ជាមួយកូនបំណុលតាមការណែនាំ របស់ធនាគារជាតិនៃកម្ពុជា និងជៀសវាងដាច់ខាត ក្នុងការរឹបអូសទ្រព្យបញ្ចាំដូចជា ផ្ទះសំបែងរបស់អតិថិជន ក្នុងកំឡុងពេលពួកគាត់កំពុងទទួលរងផលប៉ះពាល់ ពីការរីករាលដាលនៃជំងឺ កូវីដ១៩ នេះ»។ នេះជាការលើកឡើងរបស់លោក គិត សុវណ្ណារិទ្ធ អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២០។
សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា ក៏បានបង្កើតប្រព័ន្ធទូរស័ព្ទ HOTLINE និងលេខទូរស័ព្ទទំនាក់ទំនងប្រចាំទីស្នាក់ការកណ្ដាល និងតាមបណ្ដាសាខាធនាគារជាតិនៃកម្ពុជា រាជធានី-ខេត្ត ដើម្បីទទួលព័ត៌មានពីផលវិបាករបស់អតិថិជនដែលបានជួបប្រទះ ក្នុងការប្រើប្រាស់សេវាហិរញ្ញវត្ថុ៕