ភ្នំពេញ ៖ បន្ទាប់ពីបានចូលរួមធ្វើលំហាត់សមយុទ្ធយោធា ជាមួយនឹងកងយោធពលខេមរភូមិន្ទ កងទ័ពរំដោះប្រជាជនចិន ចំនួន ២៦៥នាក់ បានធ្វើមាតុភូមិនិវត្តន៍វិលមាតុប្រទេសវិញ នាព្រឹកថ្ងៃទី១ ខែមេសា នេះ តាមជើងយន្តហោះពិសេសមួយរបស់កងទ័ពអាកាសរំដោះប្រជាជនចិន។
លំហាត់នេះបានបញ្ចប់ទៅប្រកបដោយជោគជ័យ ដោយមានវត្តមាន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ មេបញ្ជាការនៃ ខ ភ ម នឹងឯកឧត្តម វ៉ាង វិន ធៀន ( WANG WEN TIAN ) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី នឹងធ្វើជាសក្ខីភាព ក្នុងពិធីបិទសមយុទ្ធនាគមាសឆ្នាំ២០២០នេះ ។
សូមបញ្ជាក់ថា សមយុទ្ធនាគមាស២០២០ ដែលបើកប្រតិបត្តិការរយះពេល ១៥ថ្ងៃកន្លងមកនេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១៥ ខែមីនា ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីកងទ័ពកម្ពុជា-ចិន សរុបជាង ៣ពាន់នាក់ អមដោយអាវុធយុទ្ធភណ្ឌធន់ធ្ងន់ រថក្រោះ រថពាសដែក ឧត្ថម្ភាកចក្រ រួមជាមួយនឹងកាំភ្លើងស្វ័យប្រវត្តិ ឧបករណ៍សម្រាប់ស៊ើបការណ៍, ឧបករណ៍សម្រាប់ដោះមីន, និងឧបករណ៍សម្រាប់បន្សាបសារធាតុគីមីជាច្រើនទៀត ។ អ្វីជាការកត់សំគាល់ សមយុទ្ធកម្ពុជា-ចិន ឆ្នាំ២០២០នេះ បានធ្វើឡើងក្នុងទ្រង់ទ្រាយធំជាងបណ្ដាឆ្នាំមុនៗ ក្រោមប្រធានបទ «រួមគ្នាប្រឆាំងភេរវកម្ម និង ការងារមនុស្សធម៌»៕