អាមេរិក ៖ មេបញ្ជាការនៃនាវាផ្ទុកយន្តហោះចម្បាំងរបស់អាមេរិកមួយគ្រឿង ដែលកំពុងសំចត នៅកំពង់ផែកោះហ្គាំ ខណៈនេះបានសរសេរលិខិតមួយច្បាប់ទៅក្រសួងការពារជាតិអាមេរិក ដើម្បីស្នើឲ្យបញ្ជូននាវិកដែលផ្ទុកមេរោគ COVID-19 ជាង១០០នាក់ដែលកំពុងបង្កក្តីបារម្ភយ៉ាងខ្លាំង។ ប៉ុន្តែរដ្ឋមន្ត្រីការពារជាតិអាមេរិកបានបដិសេធចំពោះសំណើនេះ។
សូមជម្រាបថា នាវាផ្ទុកយន្តហោះចម្បាំងរបស់កងទ័ពជើងទឹកអាមេរិក ឈ្មោះ USS Theodore Roosevelt កំពុងប្រឈមនឹងការឆ្លងរាលដាល នូវមេរោគកូវីដ១៩។ យោងតាមលិខិត របស់លោក Brett Crozier មេបញ្ជាការដឹកនាំនាវានេះ បានឲ្យដឹងថា កាលពីសប្តាហ៍មុន គេបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន៣នាក់ ក្នុងចំណោមកងនាវិកទាំងអស់ចំនួន៤០០០នាក់ នៅលើនាវា។ តែរំលងតែមួយសប្តាហ៍ប៉ុណ្ណោះ ចំនួនអ្នកឆ្លងកូវីដ១៩ បានកើនឡើងជាង១០០នាក់ឯណោះ។
មេបញ្ជាការនាវាខាងលើបានបញ្ជាក់ថា ប្រសិនបើក្រសួងការពារជាតិ បើកភ្លើងខៀវ អនុញ្ញាតឲ្យកងនាវិកមួយចំនួនធំ អាចឡើងគោក ហើយស្នាក់នៅដាច់ដោយឡែក រយៈពេល២សប្តាហ៍នោះ នោះគឺជារឿងល្អបំផុត។ លោកបន្តថា មនុស្ស៤០០០នាក់ ស្ថិតនៅលើនាវាតែមួយ គឺពិតជាមានការលំបាកខ្លាំងណាស់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល។ ប៉ុន្តែសំដីចុងក្រោយរបស់មេបញ្ជាការរូបនោះបានលើកឡើងថា កាលៈទេសៈនេះគឺ គ្មានសង្គ្រាមទេ ដូច្នេះមិនគួរបណ្តោយឲ្យទាហានស្លាប់ទទេរៗនោះឡើយ៕