ញូវយ៉ក ៖ តម្លៃប្រេង បានបន្តដាំក្បាលចុះ បន្ទាប់ពីបរិមាណស្តុកប្រេងរបស់អាមេរិក បានកើនឡើង កាលពីសប្ដាហ៍មុន ដែលមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៦មក ខណៈតម្រូវការប្រេងបានធ្លាក់ចុះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩នៅទូទាំងពិភពលោក។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន REUTERS។
របាយការណ៍របស់រដ្ឋបាលព័ត៌មានថាមពលអាមេរិកបានឱ្យដឹងថា បរិមាណប្រេងស្តុករបស់អាមេរិក បានកើនឡើង ១៣,៨ លានបារ៉ែលកាលពីសប្ដាហ៍មុន។ កំណើននេះ ត្រូវបានអ្នកជំនាញព្យាករណ៍ថា នឹងបន្តកើតមានក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀត។
ទីផ្សារបានដាំក្បាលចុះ បន្ទាប់ពីតម្រូវការប្រេងបានធ្លាក់ចុះ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ និងការបង្កើនការចម្រាញ់ប្រេងបន្ថែមរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងប្រទេសរុស្ស៊ី។ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌឺមៀ ពូទីន កាលពីថ្ងៃពុធ បានស្នើឱ្យក្រុមហ៊ុនផលិតប្រេងសាកលលោក និងអតិថជនទាំងអស់ រួមគ្នាដោះស្រាយបញ្ហាប្រឈមនៃទីផ្សារប្រេង ខណៈលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានមានប្រសាសន៍ថា តម្លៃប្រេងបច្ចុប្បន្ន “ថោកជាងទឹក” ទៅទៀត ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មមួយនេះ៕