ខេត្តកំពង់ចាម ៖ ស្ពានគៀនជ្រៃ ដែលមានទទឹង ១០ម៉ែត្រ និងបណ្តោយ ៩០ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំគៀនជ្រៃ ស្រុកកំពង់សៀម ដែលបានស្ថាបនាឡើងក្នុងរយ:ពេលជាង៤ខែ លើផែនការ៦ខែ ត្រូវបានបញ្ចប់ការសាងសង់ ហើយគ្រោងអនុញ្ញាតឲ្យធ្វើចរាចរណ៍ឆ្លងកាត់ជាបណ្ដោះអាសន្ន។ ក្នុងពេលឆាប់ៗនេះ។
ព័ត៌មាននេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋ សប្បាយរីករាយក្នុងការទទួលស្វាគមន៍ដំណើរ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត ដែលបានចុះមកពិនិត្យការដ្ឋានខាងលើ នាព្រឹកថ្ងៃទី៣១ ខែមិនា ឆ្នាំ២០២០ អមដំណើរដោយលោកអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
គួររំលឹកផងដែរថា ដោយសារទឹកជំនន់ឆ្នាំ២០១៩ កន្លងទៅនេះ ឡើងក៏លឿន ហើយស្រកចុះទៅវិញក៏លឿន បានបង្កឲ្យមានការបាក់ស្រុតដីច្រាំងទន្លេជាច្រើនកន្លែង នៅតាមបណ្ដោយដងទន្លេមេគង្គ បណ្តាលឲ្យហេដ្ឋារចនាសម្ព័ន្ធមួយចំនួនត្រូវកាត់ផ្តាច់ ជាមួយគ្នានោះស្ពានថ្ម ១កន្លែង នៅលើកំណាត់ផ្លូវជាតិលេខ២៧៩(កំពង់ចាម – ស្ទឹងត្រង់) ស្ថិតក្នុងឃុំគៀនជ្រៃ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលមានទំហំ ទទឹង៤ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ បានកសាងឡើង ក្នុងអំឡុងឆ្នាំ២០០១-២០០២ បានទទួលរងការបាក់ស្រុតដី ដោយសារទឹកហូរច្រោះ នារដូវទឹកសម្រក បណ្ដាលឲ្យលេចចេញគ្រឹះផ្នែកខាងក្រោមនៃសរសរជើងស្ពាន ដេីម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ ដោយសារការធ្វេីចរាចរលើស្ពានដែលត្រូវបាត់បង់គុណភាពនេះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានស្នើដល់បងប្អូនប្រជាពលរដ្ឋ ឲ្យមានការអត់ធ្មត់ ដោយតម្រូវឲ្យធ្វើចរាចរ ទៅតាមផ្លូវវាងក្រោមស្ពាន ជាបណ្ដោះអាសន្នសិន ដោយត្រូវរង់ចាំក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំគម្រោងស្ថាបនាស្ពានបេតុងថ្មី ជំនួសស្ពានចាស់ ដែលត្រូវរុះរើ ឲ្យបានមុនរដូវទឹកឡើងក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានទទឹងរហូតដល់១០.ម៉ែត្រ និងបណ្តោយ៩០ម៉ែត្រ ផងដែរ ៕ ដោយ ៖ ប៉ែន សុផល