ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបានឲ្យដឹងថា ទារកម្នាក់ភេទប្រុសអាយុ០៤ខែ ជាកូនបង្កើតរបស់ជនជាតិបារាំង ដែលទើបបានព្យាបាលជាសះស្បើយពីជំងឺ COVID-19 ហើយ ត្រូវបានឲ្យចេញពីមន្ទីរពេទ្យកុមារជាតិ។
សូមជម្រាបថា តាមរបាយការណ៍ក្រសួងសុខាភិបាលបានបញ្ជាក់ថា នៅថ្ងៃម្សិលមិញករណីថ្មីរកឃើញវិជ្ជមាន COVID-19 ចំនួន ០៤នាក់ គឺ ៖
ក- បុរសជនជាតិបារាំង អាយុ ៦៧ឆ្នាំ និងស្ត្រីជនជាតិបារាំងអាយុ៦៧ឆ្នាំ វិជ្ជមានកូវីដ១៩ ត្រូវបានដាក់ឲ្យនៅព្យាបាលក្នុងសណ្ឋាគារក្នុងក្រុងព្រះសីហនុ។ បុគ្គលទាំងពីររូបនេះ ជាអ្នកទេសចរបារាំងនៅក្នុងក្រុមជាមួយអ្នកទេសចរបារាំងជាង៣០នាក់ ដែលមួយចំនួនធំបានរកឃើញមានវីរ៉ុសកូវីដ១៩ ក្នុងពេលកន្លងមកនេះ។
ខ- ស្ត្រីអាយុ៥៩ឆ្នាំ ជនជាតិបារាំង វិជ្ជមានកូវីដ១៩ ជាអ្នកនៅក្នុងចំណោមក្រុមទេសចរបារាំងចំនួន ០៤នាក់ផ្សេងពីក្រុមខាងលើ ដេលបានរកឃើញក្នុងក្រុមនេះ មានវិជ្ជមានកូវីដ១៩ ចំនួន០២នាក់ ដំបូងគេ ត្រូវបានដាក់ឲ្យព្យាបាលនៅសណ្ឋាគារក្នុងក្រុងព្រះសីហនុ។
គ- បុរសអាយុ ៤០ឆ្នាំ ជនជាតិម៉ាឡេស៊ី វិជ្ជមានវីរុសកូវីដ១៩ ជាអ្នកដំណើរស្នាក់នៅបណ្ដោះអាសន្ន នៅឃុំពាមជីកង. ស្រុកកងមាស ខេត្តកំពង់ចាម ត្រូវបានដាក់ឲ្យព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម។ បុរសរូបនេះ ជាក្រុមមកធ្វើការការងារសាសនាមានគ្នាចំនួន ០៨នាក់ ដែលចំនួន ០៧នាក់ លើកមុន បានរកឃើញមានវីរុសកូវីដ១៩ នៅស្រុកកងមាសនេះដែរ។
តួលេខសរុបនៅក្នុងងប្រទេសកម្ពុជា នៃអ្នកកើតមានជំងឺកូវីដ១៩ មានសរុបចំនួន ១១៤នាក់ ក្នុងនោះព្យាបាលជាសះស្បើយ សរុបចំនួន ៣៥នាក់៕