ភ្នំពេញ ៖ កំណើនសេដ្ឋកិច្ចកម្ពុជាអាចនឹងធ្លាក់មកនៅត្រឹម ២,៣% សម្រាប់ឆ្នាំ ២០២០នេះ និន្នាការនេះ គឺដោយសារការរាតត្បាតនៃមេរោគកូរ៉ូណា ឬCOVID-19។ នេះបើយោងតាមការព្យាករណ៍របស់ធនាគារ អភិវឌ្ឍន៍អាស៊ី ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នេះ។
លោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេស កម្ពុជា មានប្រសាសន៍ថា ៖ សេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងហក់ឡើងវិញដល់ ៥,៧% ក្នុងឆ្នាំ ២០២១ ខាងមុខ ប្រសិនបើជំងឺរាតត្បាតនេះត្រូវបញ្ចប់ ហើយសកម្មភាពសេដ្ឋកិច្ច នឹងវិល មករកប្រក្រតីភាពវិញ។ លោកស្រី បានគូសបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ វិធានការត្រឹមត្រូវ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈម ដោយជំងឺកូវីដ១៩ ដែលមិនធ្លាប់ កើត មានពីមុនមកនេះ ដូចជាការគាំទ្របៀវត្សរ៍ដល់កម្មករកាត់ដេរ ក៏ដូច ជាការសម្រាលពន្ធ និងបំណុលដល់អាជីវកម្មនានា។ លោកស្រីថា រាជរដ្ឋាភិបាល ក៏បានរៀបចំថវិកាបំរុង សម្រាប់អន្តរាគមន៍ចាំបាច់ដើម្បីកាត់បន្ថយផលប៉ះពាល់នៃវិបត្តិនេះ ទៅលើសេដ្ឋកិច្ចជាតិ ជាពិសេសទៅ លើប្រជាពលរដ្ឋដែលងាយរងគ្រោះ។
បើតាមរបាយការណ៍បានឱ្យដឹងថា ក្នុងឆ្នាំ២០២០ ផ្នែកសេវាកម្មរបស់កម្ពុជា នឹង ធ្លាក់ចុះប្រមាណ ១,៧% ដោយសារឱនភាពវិស័យទេសចរណ៍ និងការថមថយនៃកំណើន អចលនទ្រព្យ។ កំណើននៃ វិស័យឧស្សាហកម្ម បានត្រូវព្យាករណ៍ថា នឹងចុះដល់ ៦,៥% ដោយសារកម្រិតទាបនៃផលិតកម្មសំលៀក បំពាក់សម្រាប់ការនាំចេញ ក៏ដូចជាវិស័យ សំណង់ដែលបន្ថយល្បឿន។ អតិផរណាត្រូវបានរំពឹងថា នឹង នៅតែមានអត្រាទាប ដែល ជាមធ្យម ត្រឹម ២,១% ក្នុងឆ្នាំ២០២០ ខណៈដែលកំណើនសេដ្ឋកិច្ច ថយចុះ ហើយអត្រា អតិផរណា នឹងនៅតែទាបក្នុងឆ្នាំ២០២១ ដោយសារតម្លៃប្រេងអន្តរជាតិធ្លាក់ចុះទាប។
ធនាគារអភិវឌ្ឍន៍អាស៊ីបានសំណូមពរថា៖ រាជរដ្ឋាភិបាលកម្ពុជា គួរផ្តោតជាសំខាន់ លើការទប់ ស្កាត់ជំងឺកូវីដ១៩។ បើមិនដូច្នោះទេ ការងើបឡើងវិញនៃវិស័យទេសចរណ៍ និងសេវាកម្ម នឹងមានការ លំបាក។ ទន្ទឹមនេះ រាជរដ្ឋាភិបាល អាចប្រើថវិកាពីក្នុងកញ្ចប់របស់ធនាគារអភិវឌ្ឍន៍អាស៊ី ដែលសរុប មានចំនួន ៦,៥ពាន់ លានដុល្លារអាមេរិក ត្រូវបានប្រកាសកាលពីថ្ងៃទី១៨ មីនា ឆ្នាំ២០២០ សម្រាប់ឆ្លើយតប នឹងជំងឺកូវីដ១៩នេះ៕