ខេត្តកំពង់ចាម ៖ លោក ចាន់ដា អភិបាលខេត្តកំពង់ចាម និងលោក ខ្លូត ផន ប្រធានក្រុមក្រុមប្រឹក្សាខេត្ត បានអញ្ជើញចុះទទួលសម្លៀកបំពាក់ ចំនួន៥០០០កំប្លេ ដែលក្រុមហ៊ុន SUN HSU GARMENT Co.Ltd បានផ្ដល់ជូនរដ្ឋបាលខេត្តកំពង់ចាម ដេីម្បីបន្តចែកជូនដល់កុមារ ស្ថិតក្នុងគ្រួសារទីទ័ល ជួបការលំបាក ក្នុងតំណាក់កាលដែលបង្កឡើងដោយជម្ងឺ កូវីដ១៩ ដែលពិធីប្រគល់ និងទទួលនេះ ត្រូវបានធ្វើឡើងនាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ នៅរោងចក្រកាត់ដេរសាន់ស៊ូ ស្ថិតក្នុងឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធជុំវិញខេត្ត និងអាជ្ញាធរមូលដ្ឋានផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រតិភូអមដំណើរ បានធ្វើការត្រួតពិនិត្យ លេីឧបករណ៍តាមដានសុខភាព ដេីម្បីបង្ការ ទប់ស្កាត់ ការរីករាលដាល នៃវីរុសកូរ៉ូណា(កូវីដ១៩) ដោយមិនឲ្យឆ្លងដល់កម្មករ កម្មការិនី ដែលកំពុងបម្រើការងារប្រមាណជា៤០០០នាក់ ក្នុងរោងចក្រសាន់ស៊ូ នោះឡើយ ហើយ លោកអភិបាលខេត្ត ក៏បានថ្លែងអរគុណ ដល់ក្រុមហ៊ុនសានស៊ូ ដែលបានអនុវត្តតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល ក្នុងការចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅកម្ពុជា ព្រមទាំងបានជួយឧបត្ថម្ភជាសម្លៀកបំពាក់ ចំនួន៥០០០កំប្លេ សម្រាប់កុមារ ស្ថិតក្នុងគ្រួសារទីទ័ល ជួបការលំបាកផងដែរ។
ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានផ្តាំផ្ញេីដល់ក្រុមហ៊ុន ត្រូវយកចិតទុកដាក់ ក្នុងការត្រួតពិនិត្យតាមដាន ចំពោះសុខភាព បងប្អូនកម្មករ កម្មការិនី ប្រកបដោយអនាម័យ ទាំងក្នុងពេលបម្រើការងារ និងការហូបចុកជាប្រចាំ បេីមានបញ្ហាលេី សុខភាព ត្រូវប្រញាប់ប្រញាល់ បញ្ជួនគាត់ទៅមន្ទីរពេទ្យជាបន្ទាន់ផងដែរ។
ដោយឡែក លោកអគ្គនាយកក្រុមហ៊ុន សាន់ស៊ូ បានឲ្យដឹងថា រោងចក្ររបស់លោក នៅតែបន្តការផលិតជាធម្មត្តា ដោយរោងចក្រមានវត្ថុធាតុដើមគ្រប់គ្រាន់ និងធានាបានដល់ការផលិត។ ចំពោះបញ្ហាសុខភាពរបស់បងប្អូន កម្មករ កម្មការីនី រៀងរាល់ពេលចេញ ចូល ធ្វើការងា គឺបានឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ ស្រមតាមការណែនាំរបស់រាជរដ្ឋាភិបាល និងការណែនាំរបស់ ក្រសួងសុខាភិបាល ដោយប្រើប្រាស់ម៉ាស៊ីនស្គែន និងត្រួតពិនិត្យកម្តៅផងដែរ ៕ ដោយ ៖ ប៉ែន សុផល