ភ្នំពេញ៖លោក ផៃ ស៊ីផាន មន្ត្រីនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីបានសរសេរក្នុងហ្វេសប៊ុករបស់លោកនៅថ្ងៃនេះថា ការចុះពិនិត្យព្រំដែនដែលដឹកនាំដោយតំណាងរាស្ត្រនោះ ជាចលនាបះបោរ និងជ្រុលនិយម។
គួរបញ្ជាក់ថា សំណេរប្រតិកម្មដោយចំអកនេះ បានធ្វើឡើងស្របពេលដែលតំណាងរាស្ត្របក្សប្រឆាំងពីររូបគឺលោក រៀល ខេមរិន្ទ្រ និងលោក អ៊ុំ សំអាន បានដឹកនាំអ្នកគាំទ្រគណបក្សប្រឆាំងដែលគេដឹងថា សុទ្ធតែជាអ្នកមិនមានជំនាញផ្នែកព្រំដែន និងមិនដែលស្គាល់ភូមិសាស្ត្រទីនោះបន្តិចណាសោះ ចុះទៅពិនិត្យព្រំដែនកម្ពុជា-វៀតណាម កៀកទៅនឹងបង្គោលឡាក់លេខ ២០២ និង ២០៣ នៅព្រឹកថ្ងៃអាទិត្យ ទី១៩ កក្កដា នេះ ។
លោក ផៃ ស៊ីផាន បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា « ការចុះពិនិត្យព្រំដែនដែលដឹកនាំដោយតំណាងរាស្ត្រនោះ ជាចលនាបះបោរ ។ លោកបន្តថា « លោក រៀល ខេមរិន្ទ្រ អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលស្វាយរៀង ដែលមិនស័ក្តិសមធ្វើជាតំណាងរាស្ត្រ។ លោក សមនឹងធ្វើជាមេដឹកនាំបះបោរ អនាធិបតេយ្យ និងក្រុមចលនាជ្រុលនិយម »។
លោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រគណបក្សប្រឆាំង នៅរសៀលថ្ងៃនេះគេមិនទាន់ឃើញមានប្រតិកម្មបែបណាចំពោះការលើកឡើងរបស់លោក ផៃ ស៊ីផាន នៅឡើយទេ។
អ្នកតាមដានស្ថានការណ៍នយោបាយផ្ទែក្នុងកម្ពុជា បានលើកឡើងថា ការកៀងគរប្រជាពលរដ្ឋ និងអ្នកគាំទ្រគណបក្សខ្លួនរបស់តំណាងរាស្ត្របក្សប្រឆាំងឲ្យចុះទៅមើលព្រំដែនក្រោមហេតុផលដែលស្រពេចស្រពិលថា វៀតណាម ឈ្លានពានដីខ្មែរនាពេលនេះ គឺមិនមែនជាដំណោះស្រាយបញ្ចប់បញ្ហាព្រំដែននោះឡើយ ។ស្រពេចស្រពិលនៅត្រង់ថា ពលរដ្ឋដែលគាត់ចូលរួមនោះសុទ្ធតែមិនមែនជាអ្នកជំនាញបញ្ហាព្រំដែននោះទេ ម្យ៉ាងវិញទៀត ការរំកិលព្រំដែន ឬការឈ្លានពាន ស្ថិតនៅលើសមត្ថកិច្ចរបស់គណ:កម្មការព្រំដែនក្រោមការដឹកនាំរបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរ ឬអាចនិយាយសាមញ្ញថា កិច្ចការព្រំដែន គេធ្វើឡើងរវាងរដ្ឋ និងរដ្ឋ ហើយក៏មិនមែនរដ្ឋនៃប្រទេសមួយមកអង្គុយជជែកបញ្ហាព្រំដែនជាមួយមនុស្សមួយក្រុមដែលមិនមែនរដ្ឋាភិបាលនោះដែរ ។
បើដូច្នេះទេ តើការព្យាយាមម្តងហើយម្តងទៀតរបស់គណបក្សប្រឆាំងដែលច្បិចយកបញ្ហាថា វៀតណាមឈ្លាពានទឹកដីកម្ពុជា បង្កឲ្យស្ថានភាពនយោបាយឡើងកំដៅ នាពេលនេះ ដើម្បីអ្វីទៅ?….៕ ដោយ៖ខេមរៈ