អាត្រា​ការស្លាប់​ប្រចាំថ្ងៃ​ដោយសារ​កូ​វីដ​១៩​នៅ​អ៊ីតាលី​មានការ​ធ្លាក់ចុះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 April, 2020 ក+ ក-

​រ៉ូម ៖ ក្រុមមន្ត្រី​អ៊ីតាលី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា ពួកគេ​កំពុង​ពិចារណា​ពី​ការបន្ធូរបន្ថយ​ការ​រឹតបន្តឹង​បន្ទាប់ពី​បានឃើញ​ចំនួន​អ្នកស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺឆ្លង​កូ​វិដ​១៩ ហាក់​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​រយៈពេល​ជាង​ពីរ​សប្តាហ៍​។ ​នេះ​បើ​យោងតាម​ប្រភពពី CNA ។​

​ចំនួន​អ្នកស្លាប់​ដោយសារ COVID-១៩ ដែល​ត្រូវបាន​រាយការណ៍​ដោយ​ទីភ្នាក់ងារ​ការពារ​ស៊ីវិល​ថា កាលពី​ម្សិលមិញ​មាន​មនុស្ស​៥២៥​នាក់​ស្លាប់​ក្នុង​មួយថ្ងៃ ដែល​មិន​ធ្លាប់មាន​នោះឡើយ​គិត​ចាប់តាំងពី​ថ្ងៃទី​១៩ ខែមីនា ដែល​កាលណោះ​មនុស្ស ៤២៧​នាក់​បាន​បាត់​បង់ជីវិត​ក្នុង​មួយថ្ងៃ​។​ ​សម្រាប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ អ៉ី​តា​លី​ក៏បាន​បញ្ជាក់​ផងដែរ​ថា អត្រា​ស្លាប់​គឺ​បាន​ធ្លាក់ចុះ ២៣% ផងដែរ​បើ​ធៀប​នឹង​ថ្ងៃ​សៅរ៍ ដែលមាន​មនុស្ស​ស្លាប់​រហូតដល់ ៦៨១​នាក់​។​

​សូមជម្រាបថា គិត​មកដល់ពេលនេះ​ចំនួន​អ្នក​ឆ្លង​ដោយសារ COVID-19 នៅ​អ៊ីតាលី មាន​ចំនួន​សរុប ១២៨,៩៤៨​ករណី ក្នុងនោះ​ស្លាប់ ១៥,៨៨៧​នាក់ និង​ជាសះស្បើយ​វិញ ២១,៨១៥​នាក់​៕