រដ្ឋមន្ត្រីក្រសួងអប់រំបង្ហើបពីវិញ្ញាសាតែងសេចក្ដីខ្មែរត្រៀមប្រឡងឆ្នាំនេះ
ភ្នំពេញ ៖ លោក ហង់ ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហោះសារខ្លីលើគណនីហ្វេសប៊ុករបស់លោកឈ្មោះ Hangchuon Naron នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ថា វិញ្ញាសាតែងសេចក្តីខ្មែរ សម្រាប់ឆ្នាំនេះ គឺសុភាសិតខ្មែរមួយឃ្លា ដែលចែងថា ការពារប្រសើរជាងព្យាបាល។
លោកបន្តថា ការចេញសុភាសិតនេះ ឲ្យសិស្សានុសិស្ស ធ្វើសេចក្តីអត្ថាធិប្បាយពេលប្រឡង គឺតម្រូវឲ្យលើកបញ្ហាជំងឺកូវីដ-១៩ មកធ្វើជាឧទាហរណ៍ផងដែរ។
យ៉ាងណា លោករដ្ឋមន្រ្តី ពុំបានបញ្ជាក់លម្អិតឡើយថា វិញ្ញាសាមួយនេះ ចេញសម្រាប់ការប្រឡងកម្រិតមួយណា តែទំនងជាលោក ចង់សំដៅលើការប្រឡងមធ្យមសិក្សាទុតិយភូមិ (ថ្នាក់ទី១២)។ ម្យ៉ាងទៀត គេ មិនអាចដឹងច្បាស់១០០ភាគរយឡើយថា វិញ្ញាសាខ្មែរ ពិតជាចេញសុភាសិតនេះមែនឬយ៉ាងណា សម្រាប់ការប្រឡងខាងមុខ៕