អ៊ីរ៉ង់ ៖ ប្រជាជនអ៊ីរ៉ង់រាប់រយនាក់បានស្លាប់ និងរាប់ពាន់នាក់ទៀតកំពុងនៅមន្ទីរពេទ្យ បន្ទាប់ពីផឹកអាល់កុលដែលមានកំហាប់ខ្ពស់ ដោយជឿថា វាអាចព្យាបាលជំងឺកូរ៉ូណាបាន។
អ្នកនាំពាក្យតុលាការអ៊ីរ៉ង់លោក Gholam Hossein Esmaili បាននិយាយកាលពីថ្ងៃអង្គារថា មនុស្សជាង៦០០នាក់ បានស្លាប់ បន្ទាប់ពីការប៉ុនប៉ងព្យាបាល ហើយឥឡូវនេះមនុស្សប្រមាណ៣,០០០នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។
លោក Esmaili បាននិយាយថា “ចំនួននេះគឺខ្ពស់ណាស់ហើយវាលើសពីការរំពឹងទុករបស់យើងទៅទៀត។ ការផឹកអាល់កុលមិនមែនជាការព្យាបាលទេ ប៉ុន្តែវាអាចបណ្តាលឲ្យស្លាប់បាន”។ ថ្លែងទៅកាន់ទីភ្នាក់ងារព័ត៌មាន Tasnim របស់រដ្ឋ លោកបានបន្ថែមថា “មនុស្សមួយចំនួនត្រូវបានចាប់ខ្លួន”។
គួរបញ្ជាក់ថា ប្រទេសអ៊ីរ៉ង់គឺជាកន្លែងនៃការផ្ទុះវីរុសអាក្រក់បំផុតនៅតំបន់មជ្ឈិមបូព៌ា ដោយមានករណីនៃការឆ្លងចំនួន៦២,៥៨៩ករណី និងអ្នកស្លាប់៣,៨៧២នាក់៕