ករណីកូវីដ១៩ ៖ អូស្ត្រាលី នឹងបញ្ជូនយន្តហោះពិសេសមកដឹកពលរដ្ឋខ្លួនចាកចេញពីកម្ពុជា
ភ្នំពេញ ៖ ស្ថានទូតអូស្រ្តាលី ប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ នេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយ ស្ដីអំពីការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្លួនដែលកំពុងស្នាក់នៅកម្ពុជា តាមជើងហោះហើរ ពិសេសមួយនៅថ្ងៃទី១២ ខែមេសា ខាងមុខនេះ ដោយរំពឹងថា នឹង ទៅដល់គោលដៅនៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០។
ក្នុងសេចក្តីប្រកាសនោះ បានបញ្ជាក់ថា តាមការកំណត់របស់រដ្ឋាភិបាល អូស្រ្តាលី អ្នកដំណើរទាំងអស់ត្រូវអនុលោមតាមលក្ខខណ្ឌដោយពេលទៅដល់អូស្ត្រាលី គឺតម្រូវឱ្យនៅដាច់ដោយឡែកនៅក្នុងសណ្ឋាគារ ដែលបានកំណត់នៅទីក្រុងស៊ីដនី ក្នុងរយៈពេល ១៤ថ្ងៃ។
សេចក្តីប្រកាសដដែល បានបញ្ជាក់ថា សំបុត្រយន្តហោះទៅអូស្ត្រាលី លើកនេះ គឺសម្រាប់តែពលរដ្ឋអូស្ត្រាលី និងអ្នកមានសិទ្ធិស្នាក់នៅអូស្ត្រាលីអចិន្ត្រៃយ៍ ឬសមាជិកគ្រួសារផ្ទាល់របស់អ្នកទាំងនោះប៉ុណ្ណោះ៕