ហ្សឺណែវ ៖ ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានចេញមុខការពារការឆ្លើយតបរបស់អង្គការ ចំពោះការឆ្លងរាលដាលនៃវីរុសកូវីដ១៩ ដែលហាក់សំដៅទៅកាន់លោកប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានចោទប្រកាន់អង្គការ WHO ថា ធ្វើការគ្មានប្រសិទ្ធភាព។ នេះបើយោងតាមសារព័ត៌មាន CNN។
ថ្លែងក្នុងសន្និសីទកាសែតនៅក្រុងហ្សឺណែវ លោកប្រធានអង្គការ WHO បានសង្កត់ធ្ងន់ថា ៖ «សូមមេត្តាកុំទាញរឿងមេរោគចូលរឿងនយោបាយ! វាអាចទាញយកផលប្រយោជន៍ពីភាពខុសគ្នា ដែលអ្នកកំពុងមាននៅក្នុងប្រទេសអ្នក។ ប្រសិនបើអ្នកចង់កេងយកផល ហើយប្រសិនបើអ្នកចង់មានស្បោងដាក់សាកសពច្រើន សូមអ្នកធ្វើចុះ!»។
លោកបានបន្ថែមទៀតថា ៖ «ប្រសិនបើអ្នកមិនចង់មានស្បោងដាក់សាកសពច្រើន សូមកុំទាញចូលរឿងនយោបាយ។ សារដ៏ខ្លីរបស់ខ្ញុំគឺ ធ្វើចត្ដាឡីស័កលើគំនិតទាញយកវីរុសកូវីដជារឿងនយោបាយ។ ស្មារតីរួបរួមជាតិ គឺពិតជាសំខាន់ខ្លាំងណាស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគដ៏គ្រោះថ្នាក់នេះ»៕