ភ្នំពេញ ៖ ថ្ងៃនេះក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសនូវដំណឹងល្អដល់ប្រជាពលរដ្ឋបន្តទៀតថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយរហូតដល់ ៦នាក់ថ្មីទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៦៨នាក់ និងរកឃើញករណីឆ្លងថ្មីម្នាក់ និងលាប់ជំងឹកូវីដឡើងវិញម្នាក់។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន៥០នាក់ នៃអ្នកឆ្លងសរុប១១៨នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែលទទួលបានមុននេះបន្តិច។
ករណីរជាសះស្បើយទាំង៦នាក់រួមមាន៖
* ស្ត្រីជនជាតិអង់គ្លេសអាយុ៧៩ឆ្នាំ ជាអ្នកដំណើរនាវា Wiking Cruise សំចតនៅខេត្តកំពង់ចាម ដែលត្រូវបានយកមកសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ បានជាសះស្បើយ ដោយទទួលលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន០២លើក ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ ដើម្បីវិលត្រឡប់ទៅប្រទេសអង់គ្លេសវិញ។
* បុរសជនជាតិបារាំងចំនួន២នាក់៖ មានអាយុ៦២ឆ្នាំ និងអាយុ៦៣ឆ្នាំ ជាអ្នកទេសចរបារាំងនៅខេត្តព្រះសីហនុ បានជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកវីង១៩ ចំនួន០២លើក និងស្នាក់នៅក្នុងបន្ទប់ដោយឡែកនៃសណ្ឋាគារក្នុងក្រុងព្រះសីហនុ ដើម្បីរង់ចាំជើងហោះហើរវិលត្រ ឡប់ទៅប្រទេសបារាំងវិញ។
* ស្ត្រីជនជាតិបារាំង០៣នាក់៖ មានអាយុ៦៣ឆ្នាំ អាយុ៥៩ឆ្នាំ និងអាយុ៦៧ឆ្នាំ ជាភ្ញៀវទេសចរបារាំង ដែល បានសម្រាកព្យាបាលនៅបន្ទប់ ដោយឡែកនៃសណ្ឋាគារក្នុងក្រុងព្រះសីហនុ បានជាសះស្បើយដោយទទួលលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក និងត្រូវវិលត្រឡប់ទៅប្រទេសបារាំងវិញ។
ករណីវិជ្ជមានវីរុសកូវីដ១៩ថ្មីម្នាក់៖ ជនជាតិចិនអាយុ៣០ឆ្នាំ ជាភ្ញៀវទេសចរ និងចង់រកស៊ីបើកហាងនៅកម្ពុជា ស្នាក់នៅបណ្ដោះអាសន្ន នៅរាជធានីភ្នំពេញ ករណីប៉ះពាល់ផ្ទាល់ជាមួយគូសង្សារ (បុរសជនជាតិចិនមានវីរុសកូវីដ-១៩ រកឃើញនៅប្រទេសចិន និងស្ត្រីជនជាតិវៀតណាមមានវីរុសកូវីដ-១៩ រកឃើញនៅកម្ពុជា) ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ-១៩ ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ករណីលាប់ជំងឺកូវីដ១៩ឡើងវិញម្នាក់៖ បុរសខ្មែរ អាយុ៤០ឆ្នាំ រស់នៅសង្កាត់ច្រាំងចំរេះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយទទួលបាន លទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ ដែលគាត់បានចាប់ជំងឺនេះម្ដងទៀត បន្ទាប់ពីធ្វើតេស្តក្រោយពេល គាត់ជាសះស្បើយបាន១៥ថ្ងៃរួចមក ហើយត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។