មន្ត្រីជំនាញរកឃើញពោះវៀនជ្រូកខូចគុណភាព២កុងតឺន័រនៅខេត្តកណ្ដាល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 April, 2020 ក+ ក-

ខេត្តកណ្តាល ៖ មន្រ្តីសាខា ក.ប.ប. ខេត្តកណ្តាលបានរកឃើញ និង​ឃាត់ទុកជាបណ្តោះអាសន្ន នូវផលិតផលពោះវៀនជ្រូក មានទម្ងន់៥តោន ដែលផ្ទុកក្នុងកុងតឺន័រ ចំនួន២ និង​បាន​ពិនិត្យឃើញ​ថា ពុំមានឯកសារបញ្ជាក់ និងមានសភាពស្អុយ មានចម្លងមេរោគ ដោយ​សារការវេចខ្ចប់ និងទុកដាក់ពុំត្រឹមត្រូវតាមគោលការបច្ចេកទេស។ ចុះត្រួតពិនិត្យ​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី៨ មេសា ២០២០។

មន្រ្តីសាខា ក.ប.ប. បាន​បន្ត​ថា ផលិតផលពោះវៀនជ្រូក មានទម្ងន់ ៥តោន ដែលផ្ទុកក្នុងកុងទឺណ័រចំនួន ២ បាន​ស្តុកទុកក្នុងឃ្លាំងគ្មានលេខ ដែលស្ថិតក្នុងភូមិជ័យឧត្តម ឃុំ សំរោងធំ ស្រុក​កៀន​ស្វាយ ខេត្តកណ្តាល។ ការត្រួតពិនិត្យ ត្រូវបានគាំទ្រដោយរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋានក.ប.ប. ផងដែល។

ក្រោយការត្រួតពិនិត្យ សមត្ថកិច្ចចម្រុះបានរកឃើញថា ទំនិញទាំងនេះបានខូចគុណភាពពុំអាច​យក​មក​ប្រើប្រាស់ជាម្ហូបអាហារសម្រាប់បរិភោគបាន សមត្ថកិច្ចចម្រុះបានសម្រេចឃាត់ទុកទំនិញទាំង​នេះ ជាបណ្តោះអាសន្ននៅឃ្លាំងខាងលើ ដើម្បីបំពេញបែបបទយកទៅកម្ទេចចោលតាមនីតិវិធី។ ចំណែក​ម្ចាស់ទំនិញត្រូវបាននាំខ្លួនទៅសាកសួរបន្តនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល៕