ភ្នំពេញ ៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០នេះ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញឲ្យដឹងថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់លោក សុវណ្ណ រិទ្ធី អគ្គនាយក TVFB ពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» តាមមាត្រា៤៩៤ និងមាត្រា៤៩៥នៃក្រមព្រហ្មទណ្ឌ ដោយអាចប្រឈមជាប់ពន្ធនាគារពី៦ខែដល់២ឆ្នាំ ។
លោក គុជ គឹមឡុង អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក៏បានបញ្ជាក់ថា ក្រោយព្រះរាជអាជ្ញាធ្វើការចោទប្រកាន់ហើយនោះ សំណុំរឿងខាងលើនេះ និងជនត្រូវចោទ សុវណ្ណ រិទ្ធី ត្រូវបានបញ្ជូនទៅចៅក្រមស៊ើបសួរ ចាត់ការបន្តតាមនីតិវិធីនៅថ្ងៃនេះទៀត ។ លោកបន្តថានៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន លោក សុវណ្ណ រិទ្ធី ។
ពាក់ព័ន្ធករណីខាងលើនេះកាលពីរសៀលថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចេញប្រកាសលុបចោលអាជ្ញាប័ណ្ណ ផ្សព្វផ្សាយព័ត៌មានរបស់មជ្ឈមណ្ឌលព័ត៌មាន TVFB ទាំងអស់ ដែលមានលោក សុវណ្ណ សុខា ជាម្ចាស់ចាប់ពីថ្ងៃនេះតទៅ ដោយសារតែស្ថាប័នព័ត៌មានមួយនេះ បានផ្សព្វផ្សាយព័ត៌មានដែលមានចរិតញុះញង់ បង្កឲ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម៕