រដ្ឋសភាបានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់«ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 April, 2020 ក+ ក-

ភ្នំពេញ ៖ កិច្ចប្រជុំពេញអង្គរបស់រដ្ឋសភានាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០ នេះ បានសម្រេចអនុម័តគាំទ្រទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្ដីពី«ការគ្រប់គ្រងប្រទេសជាតិក្នុងភាពអាសន្ន»ដែលបានរៀបចំស្នើឡើងដោយគណៈរដ្ឋមន្ត្រី។

សេចក្តីព្រាងច្បាប់នេះ មានចំនួន ៥ជំពូក និងចែកចេញ១២មាត្រា ត្រូវបានរៀបចំឡើងដោយផ្អែកតាមស្មារតីនៃមាត្រា២២ថ្មី នៃរដ្ឋធម្មនុញ្ញរបស់កម្ពុជា ដែលចែងថា «នៅពេលប្រជាជាតិប្រឈមមុខនឹងគ្រោះថ្នាក់ ព្រះមហាក្សត្រទ្រង់ប្រកាសប្រទានដំណឹងជាសាធារណៈដាក់ប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ក្រោយពីបានមតិឯកភាពពីនាយករដ្ឋមន្ត្រី ប្រធានរដ្ឋសភា និងប្រធានព្រឹទ្ធសភា»។

សូមបញ្ញជាក់ថា កិច្ចប្រជុំពេញអង្គនេះ ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានការចូលរួមពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា រួមទាំងសមាជិកសភាសរុបចំនួន១១៥នាក់ និងតំណាងរាជរដ្ឋាភិបាលផងដែរ និងបានអនុម័តជាឯកច្ឆន្ទក្នុងសំឡេង១១៥ លើ១១៥ សំឡេង៕