សិង្ហបុរីរកឃើញអ្នកឆ្លង COVID-19 ថ្មីចំនួន២៣៣នាក់ទៀត សរុប២,៥៣២នាក់
សិង្ហបុរី ៖ សារព័ត៌មាន CNA រាយការណ៍នាព្រឹកថ្ងៃចន្ទនេះថា ពេញមួយថ្ងៃអាទិត្យម្សិលមិញសិង្ហបុរីបានរកឃើញករណីឆ្លងថ្មីៗនៃជំងឺ COVID-19 រហូតដល់ទៅ ២៣៣នាក់បន្ថែមទៀត ដែលសរុបករណីឆ្លងលើប្រទេសដីកោះមួយនេះកើនដល់ ២,៥៣២ករណី។
នៅក្នុងចំណោមករណីឆ្លងថ្មីខាងលើនេះ ៥១ករណីគឺជាប្រភេទឆ្លងជាចង្កោមៗ, ១៥ករណីឆ្លងពីអ្នកជំងឺមុនៗ និង ១៦៧ករណីទៀត មិនដឹងថា ពួកគេបានឆ្លងពីប្រភពណាឲ្យបានច្បាស់លាស់នៅឡើយទេ ដោយអាជ្ញាធរកំពុងធ្វើការតាមដានប្រវត្តិអ្នកជំងឺ COVID-19 ទាំងនេះជាបន្តទៀត។
សូមជម្រាបថា ខណៈករណីឆ្លងសរុបបានកើនឡើងដល់ ២,៥៣២នាក់នោះ អ្នកជាសះស្បើយសរុបវិញក៏បានកើនដល់ ៥៦០នាក់ផងដែរ និងអ្នកជំងឺសរុប ០៨នាក់ស្លាប់៕