ភ្នំពេញ ៖ តាមទំនៀមទម្លាប់ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំជូត នឹងចូលមកដល់នៅវេលាម៉ោង ៨ ៖ ៤៨នាទីយប់នេះ ថ្ងៃចន្ទ ៦រោច ខែចែត្រ ត្រូវនឹងថ្ងៃទី១៣ ខែមេសា គ្រិស្តសករាជ ២០២០។
ទេវធីតាមួយព្រះអង្គជាមគ្គនាយិកាព្រះនាម គោរាគទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពណ៌លឿង លម្អនូវព្រះកាណ៌ដោយសៀតផ្កាអង្គាបុស្ប នឹងយាងចូលមកដល់នាម៉ោង៨និង៤៨នាទីយប់នេះថ្ងៃ ដើម្បីជាការចាប់ផ្តើមចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលខ្មែរ និងបណ្តាប្រជាជាតិនៅអាស៊ីមួយចំនួន ដូចជា ថៃ ភូមា និងឡាវ បានអនុវត្ត។
ព្រះនាងទ្រង់សោយ តេលំ ជាអាហារ ដែលជាប្រភេទប្រេងរុក្ខជាតិ អាវុធព្រះហស្តស្តាំទ្រង់ព្រះខ័ន ព្រះហស្តឆ្វេងទ្រង់យដ្ឋិ គង់ផ្ទំបើកព្រះនេត្រលើខ្នង ព្យគ្ឃៈ (ស្តេចខ្លា) ជាពាហនៈ។
វិធីរៀបរណ្តាប់ ៖
ត្រូវរៀបក្រាលសំពត់ពណ៌ ស (អាចក្រាលសំពត់ព័ណ៌លឿងក៏បាន ព្រោះទេវតាឆ្នាំនេះ គ្រងអម្ពរពណ៌លឿង ) ហើយរៀបចំនូវគ្រឿងសក្ការបូជាទេវតា មានជាអាទិ៍បាយសី ៩ ថ្នាក់ មួយគូ បាយសី ៧ ថ្នាក់មួយគូ បាយសី ៥ ថ្នាក់មួយគូ បាយសី ៣ ថ្នាក់មួយគូ បាយសី ប៉ាឆា មួយគូ ស្លាធម៌មួយគូ ទឹកអប់មួយគូ ទៀន៥ ធូប ៥ លាច ៥ ផ្កា ៥ ដាក់លើជើងពាន ១ គូ ចេកនួន ចេកណាំវ៉ា ដាក់លើជើងពានមួយគូ ផ្លែឈើ ១១ មុខ រៀបដាក់លើជើងពាន ១១ ដូងឡៅ ១ គូ ទឹកស្អាត ២ កែវ ។
ចំពោះបាយសី ៩ ថ្នាក់ ៧ ថ្នាក់ ជាទំនៀមមានចែងនៅក្នុងសៀវភៅព្រះរាជពិធីទ្វារទសមាស និង មានអនុវត្តនៅព្រះបរមរាជវាំង តែចំពោះប្រជារាស្ត្រ គួរធ្វើត្រឹម ៥ ថ្នាក់ ចុះមក ឬ រៀបត្រឹមគ្រឿងសក្ការបូជា ដែលមានទៀន ប្រាំ ធូប ប្រាំ ស្លាធម៌កូនចេកមួយគូក៏ល្មមសមគួរដែរ។ ចំពោះផ្លែឈើសម្រាប់ប្រជារាស្ត្រ គួររៀបឱ្យបានត្រឹម ៣ ឬ ៥ មុខ ក៏ជាការប្រសើរ គឺរៀបទៅតាមធនធានរបស់ខ្លួន ។ នៅគ្រប់តង្វាយទាំងអស់ ត្រូវដាក់ផ្កាម្លិះភួងពីលើគ្រប់តង្វាយ នៅលើជើងពាន និង លើបាយសី ត្រូវដោតទៀនហើយដុតបំភ្លឺ ។
បន្ថែមលើអ្វីដែលមានចែងនៅក្នុងសៀវភៅ មហាសង្ក្រាន្តត្រូវរៀបចំឱ្យមានប្រេង គឺជាប្រេងអ្វីក៏ដោយដែលមនុស្សអាចបរិភោគបាន ចំនួន ២ ចាន ដែលអាចជាចានចង្កឹះ ចានគោម ឬ ចានសំប៉ាត ក៏បានដាក់នៅក្នុងគ្រឿងរណ្តាប់ទទូលទេវតាព្រោះទេវតាឆ្នាំនេះ សោយប្រេង ។
សូមជម្រាបថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២០ មានរយៈពេល៤ថ្ងៃ ដោយមានដូចតទៅនេះ។ ថ្ងៃទី១៖ ត្រូវនឹងថ្ងៃទី១៣ ខែមេសា វេលាម៉ោង២០:៤៨នាទីជាថ្ងៃមហាសង្ក្រាន្ត។ ថ្ងៃទី២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ជាវារៈវ័នបត, ថ្ងៃទី៣ ត្រូវនឹងថ្ងៃទី១៥ ខែមេ ជាវារៈវ័នបត ដូចជាដែលគេហៅថាថ្ងៃកណ្តាល និងចុងក្រោយជាថ្ងៃវរៈឡើងស័ក គម្រប់ជាសង្ក្រាន្តបួនថ្ងៃស្រេចបរិបូណ៍ចូលជាសកលឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ តទៅ៕