អូស្ត្រាលី៖ កាលពីល្ងាចថ្ងៃអាទិត្យទី១៩ ខែកក្កដា ២០១៥ កន្លងមកនេះមានការបញ្ចាំងភាពយន្ដឯកសារលើកដំបូងនៅក្រុងមែលប៊ិន ប្រទេសអូស្ដ្រាលីអំពីការស្វែងរកជំរំសម្ងាត់មួយនៅសម័យខ្មែរដែល មានចំណងជើងថា “ជំរំ៣២” ឬ Camp 32។នេះបើយោងតាមការផ្សាយរបស់វិទ្យុ ABCអូស្ត្រាលី។
តាម ABC បានឲ្យដឹងថា នេះគឺជាស្នាដៃផលិតផលភាពយន្ដដំបូងបំផុតដែលបានផ្ដួចផ្ដើម គំនិតផលិតដោយខ្មែរម្នាក់នៅអូស្ដ្រាលីគឺលោក ឆន ប៊ុនហំ ដែលបាននៅរស់រានមានជីវិតពីជំរំអាថ៌កំបាំងនោះ ដើម្បីបង្ហាញពិភពលោកឲ្យដឹងអំពីសោកនាដកម្ម, ភាពជូរចត់ និងទុក្ខវេទនាដែលពលរដ្ឋខ្មែរជាច្រើននាក់បានរងគ្រោះ និងដើម្បីជាជំនួយព្យាបាលរបួសផ្លូវចិត្ដរុំារ៉ៃរបស់អ្នកផលិត និងក្រុមគ្រួសារខ្លួន។
ថ្វីត្បិតតែសព្វថ្ងៃលោកមានជីវិតរស់ នៅក្នុងស្រុកជឿនលឿនមានសន្ដិភាព ហើយមានអ្វីៗគ្រប់គ្រាន់សម្រាប់ជីវិតក៏ពិតមែន ប៉ុន្ដែលោក ឆន ប៊ុនហំ បានឲ្យដឹងថា សោកនាដកម្មនៃការបាត់បង់ឪពុក និងបងប្អូនបង្កើត នៅតែតាមលងលោកជាប់ជានិច្ច ហើយនេះជាប្រភពនៃសុបិនអាក្រក់ ដែលទាមទារឲ្យលោកត្រូវតែស្វែងរកជំរំនេះឲ្យឃើញ។
នេះជាការ ស្វែងរកដានប្រវត្ដិសាស្ដ្ររបស់លោក ឆម ប៊ុនហំ ដែលសម័យប៉ុលពតក្នុងអាយុ៦ឆ្នាំត្រូវគេយកទៅជំរំ៣២ ដែលអ្នកផលិតគិតថាមានមនុស្សប្រមាណ៣ម៉ឺននាក់បានស្លាប់នៅជំរំនោះ ។ តាមព័ត៌មានពីក្រុមអ្នកផលិតដែលសុទ្ធតែជាអ្នកស្ម័គ្រចិត្ដបាន ឲ្យដឹងថា មិនមានកំណត់ត្រាណាមួយអំពីជំរំពលកម្មនេះទេដែលស្ថិតនៅក្នុងទឹក ដីខេត្ដបាត់ដំបង។
ក្រោយពីបានចំណាយពេលច្រើនឆ្នាំស្រាវ ជ្រាវ និងផលិតភាពយន្ដឯកសារនេះ មានការរំពឹងដែរថា ភាពយន្ដឯកសារនេះនឹងត្រូវគេប្រគល់ទៅឲ្យសាលាក្ដីខ្មែរក្រហម និងមណ្ឌលឯកសារជាច្រើនទៀត សម្រាប់ជាការចងក្រងស្រាវជ្រាវភស្ដុតាង។
ABC បន្តថា ក្រុមអ្នករៀបចំបានឲ្យដឹងថា ប្រាក់ចំណូលដែលបានពីការបញ្ចាំងភាពយន្ដនេះនឹងត្រូវគេយកទៅ ជួយដល់ជនរងគ្រោះដែលនៅរស់ពីជំរំ៣២៕ដកស្រង់ដោយ៖រដ្ឋា
រោងភាពយន្ដបញ្ចាំងកុនឯកសារជំរំ៣២នៅក្រុងមែលប៊ិន(រូបថត៖ ឃុន អាឡិច )