អាមេរិក ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសនៅថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ អំពីការផ្អាកផ្តល់មូលនិធិរបស់សហរដ្ឋអាមេរិក ដល់អង្គការសុខភាពពិភពលោក ពីព្រោះលោកនិយាយថា អង្គការនេះបានបិទបាំងភាពធ្ងន់ធ្ងរនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសចិន មុនពេលវារីករាលដាលពាសពេញពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia។
ការសម្រេចរបស់លោក ត្រាំ ទៅលើអង្គការសុខភាពពិភពលោក ឆ្លុះបញ្ចាំងពីជំនឿរបស់លោកដែលថា អង្គការនេះមានភាពលំអៀងទៅរកប្រទេសចិន និងឃុបឃិតដើម្បីរារាំងគូប្រជែងសេដ្ឋកិច្ចដ៏សំខាន់របស់សហរដ្ឋអាមេរិក មិនឲ្យបើកចំហអំពីគ្រោះមហន្តរាយសុខភាពដែលកំពុងកើតឡើង។
លោក ត្រាំ បានប្រាប់សន្និសីទសារព័ត៌មានមួយថា លោកបានណែនាំរដ្ឋបាលរបស់លោកឲ្យបញ្ឈប់ការផ្តល់មូលនិធិ ខណៈធ្វើការពិនិត្យឡើងវិញ ដើម្បីវាយតម្លៃតួនាទីរបស់អង្គការសុខភាពពិភពលោក ដែលគ្រប់គ្រង និងគ្របដណ្តប់ការរីករាលដាលនៃវីរុសនេះមិនបានត្រឹមត្រូវ។
យោងតាមប្រធានាធិបតីអាមេរិក វ័យ៧៣ឆ្នាំខាងលើ អង្គការសុខភាពពិភពលោក បានការពារតម្លាភាពជុំវិញការផ្ទុះឡើងនៃវីរុសនេះ ហើយសហរដ្ឋអាមេរិកដែលជាស្ថាប័នផ្តល់មូលនិធិធំបំផុតរបស់អង្គការសហប្រជាជាតិ ដែលបានផ្តល់ប្រាក់ចំនួន ៤០០លានដុល្លារអាមេរិកកាលពីឆ្នាំមុន ឥឡូវនេះនឹងពិភាក្សាអំពីអ្វីដែលពួកគេនឹងធ្វើ ជាមួយប្រាក់ទាំងអស់ដែលផ្តល់ទៅឲ្យអង្គការសុខភាពពិភពលោក៕