ខេត្តបាត់ដំបង ៖ សមត្ថកិច្ចព្រំដែនរបស់ភាគីទាំងពីរកម្ពុជា ថៃ ប្រចាំច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ឬគីឡូ ១៣ ស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង ប្រឈមគ្នានឹងស្រុកក្លងហាត ខេត្តស្រះកែវ របស់ថៃ បានបើកដំណើរការឡើងវិញហើយ ដើម្បីធ្វើការដោះដូរទំនិញទៅវិញទៅមក។
ការបើកច្រកនេះឡើងវិញ បានធ្វើឡើងបន្ទាប់ពីភាគីទាំងពីរបានបើកប្រជុំ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កន្លងមក ដើម្បីនាំចូលសត្វជ្រូករស់ពីប្រទេសថៃ និងនាំចេញនូវទំនិញកសិផលពីប្រទេសកម្ពុជា រួមមាន គ្រាប់ពោតចំណីសត្វ ផ្លែស្វាយស្រស់ និងម្ទេស ទៅកាន់ប្រទេសថៃ ។
ចំពោះអ្នកបើកបរ តម្រូវឲ្យមានលិខិតបញ្ជាក់សុខភាពពីស្ថាប័នជំនាញរបស់ប្រទេសថៃ និងមានការត្រួតពិនិត្យសុខភាពពីផ្នែកចត្តាឡីស័ក ប្រចាំច្រកទ្វារព្រំដែននៅរាល់ពេលឆ្លងកាត់។ ចំពោះមធ្យោបាយដឹកជញ្ជូន ត្រូវមានការបាញ់ថ្នាំសម្លាប់មេរោគឲ្យបានត្រឹមត្រូវ មុនអនុញ្ញាតឲ្យឆ្លងកាត់ព្រំដែន ដែលការសម្រេចនេះ នឹងអនុវត្តន៍នៅចន្លោះពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១២រសៀលតែប៉ុណ្ណោះ៕
កម្ពុជា-ថៃ ឯកភាពបើកច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី ឡើងវិញដើម្បីដោះដូរទំនិញ