ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន២នាក់បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់៩៨នាក់ និងមិនមានករណីឆ្លងថ្មីនោះឡើយ។
ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដធ្លាក់ចុះមកត្រឹមចំនួន២៤នាក់ នៃអ្នកឆ្លងសរុប១២២ នាក់។ បើគិតត្រឹមព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ។ នេះបើតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដែល ទទួលបានមុននេះបន្តិច។
ករណីជាសះស្បើយមាន០២នាក់រួមមាន ៖ បុរសជនជាតិបារាំងអាយុ៨០ឆ្នាំ ជាភ្ញៀវទេសចរ ដែលសម្រាកព្យាបាល នៅសណ្ឋាគារក្រុងព្រះសីហនុ ហើយត្រូវបានបញ្ជូនមកសម្រាកព្យាបាល បន្តនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បច្ចុប្បន្នបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ បុរសជនជាតិបារាំងអាយុ៦១ឆ្នាំ ដែលបានធ្វើដំណើរមកពីប្រទេសបារាំង និងស្នាក់នៅបណ្ដោះអាសន្នម្ដុំទួលទំពូងរាជធានីភ្នំពេញ បានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២ដង និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕