សេអ៊ូល ៖ គណបក្សកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូងបានទទួលជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតសភាមុនការកំណត់កាលពីថ្ងៃពុធ ដោយលទ្ធផលមួយផ្នែកបានបង្ហាញថា បន្ទាប់ពីជំងឺរាតត្បាតវីរុសឆ្លងបានប្រែទៅជាជំនោរនយោបាយនៅក្នុងការពេញចិត្តរបស់ប្រធានាធិបតី Moon Jae-in។ នេះបើយោងតាមសារព័ត៌មាន CNA។
បើតាមលទ្ធផលបោះឆ្នោត ដែលត្រូវបានបញ្ចេញជាលើកដំបូងនោះ គណបក្សប្រជាធិបតេយ្យរបស់លោក មូន ចេអ៊ីន បានទទួលអសនៈចំនួន ១៦៣ ក្នុងចំណោមអសនៈសរុប ៣០០ នៅក្នុងសភាជាតិ ដែលប្រការនេះមានន័យថា គណបក្សកំពុងកាន់អំណាចមួយនេះ ទទួលបានសំឡេងភាគច្រើនដាច់ខាតនៅក្នុងសភា។
ដោយឡែកសម្រាប់បក្សប្រឆាំងដែលមានឈ្មោះថា គណបក្សសម្ព័ន្ធដើម្បីអនាគត (UFP) វិញ បានទទួលអសនៈសរុបចំនួន៩៧។ សម្រាប់អត្រាពលរដ្ឋចេញទៅបោះឆ្នោតក្នុងឆ្នាំ២០២០ នេះវិញគឺមានរហូតដល់ ៦៦.២ភាគរយឯណោះ ដែលជាចំនួនខ្ពស់មិនធ្លាប់មាននោះឡើយ គិតចាប់តាំងពីការបោះឆ្នោតសភានៅកូរ៉េខាងត្បូង កាលពីឆ្នាំ១៩៩២។
រដ្ឋាភិបាលរបស់លោក មូន ចេអ៊ីន បានទទួលការកោតសរសើរ ទាំងថ្នាក់ជាតិ និងអន្តរជាតិ អំពីការឆ្លើយតបដ៏មានប្រសិទ្ធភាពចំពោះ បញ្ហារីករាលដាលនៃជំងឺ COVID-19 ក្នុងនោះមានដូចជា ការប្រឹងទប់ស្កាត់ការឆ្លងបន្ថែម, ការធ្វើឲ្យអត្រាមនុស្សស្លាប់ទាប បើធៀបនឹងប្រទេសដទៃ និងការព្យាបាលអ្នកជំងឺភាគច្រើនបំផុត ឲ្យបានជាសះស្បើយឡើងវិញ៕