ភ្នំពេញ ៖ យោងតាម Facebook ផ្លូវការរបស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហាញថា ខណៈនេះមានជនអគតិបានបន្លំជា Profile និង Page ដោយដាក់រូបនិងឈ្មោះ សម្តេច ហើយបង្ហោះព័ត៌មានក្លែងក្លាយនាំឲ្យមានការភាន់ច្រឡំ។
តាមរយៈនោះសម្តេច ហ៊ុន សែន ក៏បានសរសេរបង្ហោះនៅលើបណ្តាញ Facebook ផ្លូវការរបស់សម្តេចដោយមានខ្លឹមសារថា « យើងចូលរួមលុបបំបាត់ព័ត៌មានក្លែងក្លាយ, Profile និង Page ផ្លូវការសម្តេចតេជោនាយករដ្ឋមន្ត្រីគឺមានតែមួយគត់ » ។
សម្តេចបន្តថា ក្នុងពេលដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏មានជនអគតិមួយចំនួនបានប្រឌិតនូវព័ត៌មានមិនពិតជា ច្រើនដើម្បីបំពុលសង្គមជាតិ។ ទន្ទឹមនឹងនោះ ក៏មានជនអគតិមួយចំនួនបានលួចបង្កើត Profile និង Page មិនពិតជាច្រើនក្នុង Facebook ដាក់ឈ្មោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងចេតនាមិនល្អដោយបានបង្ហោះសារ និងព័ត៌មានបោកប្រាស់បំភ័ន្តភ្នែកសាធារណៈជន។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មាន Profile និង Page ផ្លូវការតែមួយគត់ ដែលមានសញ្ញាគូសធិក (tick) ពណ៍ខៀវ ដែលបញ្ជាក់ថាពិត (Verified) ពីក្រុមហ៊ុន facebook [ https://www.facebook.com/hunsencambodia/ ] ។ ក្រៅពីនោះគឺសុទ្ធតែជា Profile និង Page ក្លែងក្លាយទាំអស់។
សូមបងប្អូនជនរួមជាតិប្រើប្រាស់បណ្តាញសង្គម Facebook មានការប្រុងប្រយ័ត្នខ្ពស់ ហើយកត់សម្គាល់ Profile/Page ពិត និង Profile/Page ក្លែងក្លាយដែលដាក់ឈ្មោះ សម្តេចតេជោ ហ៊ុន សែន កំពុងបង្ហោះសារ និងព័ត៌មានមិនពិតដែលធ្វើអោយប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសរបស់ប្រមុខដឹកនាំ។
សូមក្រសួងជំនាញស្រាវជ្រាវពិនិត្យនិងបិទ Profile/Page ក្លែងក្លាយទាំងនោះជាបន្ទាន់ ដើម្បីកុំឲ្យបន្តផ្សព្វផ្សាយបោកបញ្ឆោតបំពុលបរិកាសសង្គមជាបន្តទៀត៕