ខេត្តកណ្តាល ៖ កាលពីវេលាម៉ោង៦ និង៣០នាទីយប់ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ មានករណីឃាតកម្មមួយបានកើតឡើងនៅចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ករណីនេះបង្កឡើងដោយមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង បាញ់សម្លាប់ប្អូនថ្លៃ ព្រោះតែរឿងប្រចណ្ឌប្រពន្ធជាមួយប្អូនថ្លៃ ។
សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ឈ្មោះ ម៉ៅ ប៊ុនហេង ប្រុសអាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរលក់ដូរ។ ចំណែកជនសង្ស័យឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង បានរត់គេចខ្លួនបាត់។
តាមមន្ត្រីនគរបាលខេត្តបានឲ្យដឹងថា នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួន ឈ្មោះ គង់ សុខជា រហូតដល់ជនសង្ស័យយកអាវុធខ្លីភ្ជង់ប្រពន្ធខ្លួន ថែមទៀត ។ ទន្ទឹមនោះជនរងគ្រោះក៏បានចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី និយាយតែប៉ុណ្តឹង ស្រាប់តែជនសង្ស័យដែលមានកំហឹង និងភ្លើងប្រចណ្ឌផងនោះ ក៏បាញ់សំដៅទៅជនរងគ្រោះ១គ្រាប់ត្រូវបំពង់ក បណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុភ្លាមៗ តែម្តង ។ ក្រោយមកជនសង្ស័យបានយកម៉ូតូ ជាអ្នកជិតខាងជិះគេចខ្លួនបាត់។
ប៉ុន្តែប៉ុន្មានម៉ោងក្រោយមកលោកស្នងការខេត្តកណ្តាលបានដឹកនាំកម្លាំងចុះទៅដល់កន្លែងកើតហេតុ ហើយបញ្ជាឲ្យបើកការស្រាវជ្រាវ ដើម្បីតាមចាប់ខ្លួនជនដៃដល់ផងដែរ ៕