ខេត្តបន្ទាយមានជ័យ ៖ គិតត្រឹមថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ជាថ្ងៃទី៣ នៃពិធីចូលឆ្នាំប្រពៃណីជាតិ កម្មករនិយោជិតនៅតាមរោងចក្រសហគ្រាសនិងក្រុមហ៊ុននានាក្នុងខេត្តបន្ទាយមានជ័យបានបន្តធ្វើការងារជាធម្មតាក៏ដូចមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។
ក្នុងឱកាសចុះពិនិត្យខ្សែសង្វាក់ផលិតកម្មរបស់រោងចក្រនៅក្នុងសួនឧស្សាហកម្មក្រុងសិរីសោភ័ណនិងក្រុងប៉ោយប៉ែតនៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២០នេះឯកឧត្តម អ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងកោតសរសើរចំពោះដំណើរខ្សែសង្វាក់ ផលិតកម្មរបស់រោងចក្រទាំងអស់ដែលបានបន្តនិរន្តរភាពក្នុងការងារក្នុងរោងចក្ររបស់ខ្លួនជាប្រចាំ ទោះបីស្ថានភាពបច្ចុប្បន្ននៅលើសកលលោកទទួលរងនូវវិបត្តិជាសកល ដែលបង្កឡើងដោយមេរោគកូវីដ-១៩នេះយ៉ាងណាក៏ដោយ។
ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានបន្តកោតសរសើរចំពោះទឹកចិត្តរបស់កម្មករ កម្មការិនី ដែលបានមកបំពេញការងារជាធម្មតានៅក្នុងរោងចក្រ តាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់ហានិភ័យនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅក្នុងប្រទេសយើង។ ទោះបីយើងមិនបានឈប់សម្រាកក្នុងថ្ងៃបុណ្យចូលឆ្នាំ ប៉ុន្តែក្រុមគ្រួសារ ក៏យើងអាចរៀបចំទទួលទេវតាតាមផ្ទះរៀងៗខ្លួនដូចរៀងរាល់ឆ្នាំផងដែរ។
ឯកឧត្តម ខេង ស៊ុម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ បានផ្ដាំផ្ញើដល់កម្មករ កម្មការិនីទាំងអស់ ត្រូវចូលរួមថែទាំសុខភាពឱ្យបានល្អ ព្រោះថា ជំងឺឆ្លងថ្មីនេះ វាមានសភាពសាហាវណាស់ តែអាចការពារបាន ដោយអនុវត្តជាប្រចាំ គឺរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល គឺមិនត្រូវជួបជុំគ្នាច្រើន ត្រូវលាងសំអាតដៃនឹងសាប៊ូ ឬអាល់កុល ឱ្យបានញឹកញាប់ បើធ្វើដូចនេះបាន យើងទាំងអស់គ្នា និងក្រុមគ្រួសារ នឹងមិនអាចឆ្លងជំងឺកូវីដ១៩នេះបានឡើយ។
លោក រស់ សារុម ប្រធានមន្ទីរការងារបណ្តុះបណ្តាលវីជ្ជាជីវៈខេត្តបន្ទាយមានជ័យឱ្យដឹងថារោងចក្រទាំង២០កន្លែងនៅក្នុងតំបន់ពិសេសនៃក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណដែលមានកម្មករ កម្មការនីប្រមាណជាង១១៥០០នាក់បាននឺងកំពុងដំណើរការខ្សែសង្វាក់ផលិតកម្មការងារជាធម្មតាក៏ដូចជាសហគ្រាសផ្សេងៗទៀតដែរ៕
កម្មករ និយោជិតនៅតាមរោងចក្រក្នុងខេត្តបន្ទាយមានជ័យ នៅតែបន្តធ្វើការជាធម្មតា