ព្រឹទ្ធសភា នឹងពិភាក្សាផ្តល់យោបល់លើច្បាប់គ្រប់គ្រងប្រទេសក្នុងភាពអាសន្ន នៅថ្ងៃស្អែក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 April, 2020 ក+ ក-

ភ្នំពេញ ៖ បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃសុក្រ ទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៨:០០នាទីព្រឹក ដើម្បីប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាល ទី៤ ដោយលើកយកសេចក្តីព្រាងច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន មកពិនិត្យនិងឱ្យយោបល់ តាមសំណើររបស់គណៈកម្មការនិតិកម្មនិងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាតម្រូវការចាំបាច់ដោយមិនអាចខ្វះបាន ដើម្បីកំណត់អំពីសិទ្ធអំណាចរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវវិធានការចាំបាច់នានា។

តាមប្រសសន៍របស់លោក ម៉ម ប៊ុននាង នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាថ្ងៃទី១៦ ខែមេសានេះ បានឱ្យដឹងថា ច្បាប់នេះបង្កើតឡើង ដើម្បីការពារសន្តិសុខជាតិ ការពារសណ្តាប់ធ្នាប់សាធារណៈ ការពារអាយុជីវិត ការពារសុខភាពប្រជាពលរដ្ឋ ការពារទ្រព្យសម្បត្តិ និងបរិស្ថាន ។ ច្បាប់ ស្តីពី ការគ្រប់គ្រងប្រទេសជាតិស្ថិត ក្នុងភាពអាសន្ន មាន៥ជំពូក និងចែកចេញជា១២មាត្រា។

សេចក្តីព្រាងច្បាប់នេះ ធ្វើឡើងស្របតាមកតិ្តការសញ្ញាអន្តរជាតិ ស្តីពី សិទ្ធពលរដ្ឋ និងសិទ្ធនយោបាយ ស្របទៅតាមស្ថានភាពជាក់ស្តែងរបស់ប្រទេស នៅពេលមានគ្រោះអាសន្នណាមួយកើតឡើង ហើយច្បាប់នេះ ក៏មិនពាក់ព័ន្ធនិងការរើសអើង ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសារ ឬដើមកំណើតសង្គមនោះដែរ៕