កម្ពុជា ៖ រដូវវស្សាឆ្នាំ២០២០ នេះ នឹងចូលមកដល់លឿនជាងឆ្នាំ២០១៩ ដែលជាប្រក្រតីភាពនៅកម្ពុជា រដូវវស្សាតែងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា រៀងរាល់ឆ្នាំ។ នេះបើតាមការព្យាករអាកាសធាតុលើកទី២ របស់ក្រសួងធនធានទឹក និងឧតុនិយម ដែលចេញផ្សាយនៅថ្ងៃនេះ។
ការព្យាករ បញ្ជាក់ថា រដូវវស្សាឆ្នាំនេះ ត្រូវរំពឹងថានឹងចូលមកដល់លឿនជាងឆ្នាំមុន
ជាមួយនឹងមានបរិមាណទឹកភ្លៀងពីមធ្យមទៅបង្គួរ ប៉ុន្តែក៏មានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានច្រើននៅក្នុងខែឧសភា និងខែមិថុនា ផងដែរ។ នៅក្នុងឆ្នាំ២០២០ នេះដែរ ក៏នឹងមានព្យុះកើតឡើងប្រមាណពី ២៤-២៦ ព្យុះ នៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក និងពី ៤-៥ ព្យុះ កើតផ្ទាល់នៅក្នុងសមុទ្រចិនខាងត្បូង។
ក្រសួងធនធានទឹក ក៏បានបង្ហាញថា នៅក្នុងខែសីហា និងខែកញ្ញា ដែលជាពាក់កណ្តាលរដូវវស្សា ភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អលើផ្ទៃប្រទេស ជាមួយនឹងបរិមាណទឹកភ្លៀងពីមធ្យមទៅច្រើន ក្នុងនោះក៏នឹងអាចបណ្តាលឲ្យខេត្តមួយចំនួនដែលមានភូមិសាស្រ្តនៅទីទំនាបជាប់ក្បែរតំបន់ជួរភ្នំ តំបន់ខ្ពង់រាប និងតំបន់ជាប់នឹងផ្លូវទឹក ប្រឈមខ្ពស់នឹងជំនន់ទឹកភ្លៀង ដែលបណ្តាលមកពីការធ្លាក់ភ្លៀងច្រើនលើសលប់៕