នាយករដ្ឋមន្រ្តីជប៉ុនប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ខណៈដែលអត្រាអ្នកឆ្លង COVID-19 បន្តកើនឡើង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2020 ក+ ក-

តូក្យូ ៖ នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានសម្រេចប្រកាសដាក់ប្រទេសក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាល។ នេះបើតាមសារព័ត៌មាន CNN ចេញផ្សាយនៅយប់ថ្ងៃព្រហស្បតិ៍ ទី១៦ ខែមេសា ឆ្នាំ២០២០។

កាលពីថ្ងៃទី០៧ ខែមេសា លោក ស៊ីនហ្សូ អាបេ បានប្រកាសដាក់ទីក្រុង និងខេត្តសរុបចំនួន៧ ក្នុងនោះរួមមានទាំងទីក្រុងតូក្យូ ទៅក្នុងគ្រាមានអាសន្ន សម្រាប់រយៈពេលមួយខែ គឺដល់ថ្ងៃទី០៦ ខែឧសភា។ យ៉ាងណាមិញ ក្នុងកិច្ចប្រជុំពិសេសមួយនៅថ្ងៃម្សិលមិញ ជាមួយក្រុមអ្នកជំនាញផ្នែកសុខាភិបាល លោក អាបេ បានលើកឡើងថា ប្រទេសជប៉ុនទាំងមូលនឹងត្រូវដាក់ទៅក្នុងគ្រាអាសន្ន គឺពង្រីកបន្ថែមពីលើ៧ទីក្រុង និងខេត្ត ដែលត្រូវបានដាក់ក្នុងគ្រាអាសន្ននាពេលកន្លងមក ប៉ុន្តែរយៈពេលនៅដដែល គឺដល់ថ្ងៃទី០៦ ខែឧសភា។

សូមជម្រាបថា យោងតាមទិន្នន័យវែបសាយ Worldometers ចំនួនសរុបនៃអ្នកឆ្លង COVID-19 នៅប្រទេសជប៉ុន មាន៨,៦២៦នាក់ ក្នុងនោះស្លាប់១៧៨នាក់ និងជាសះស្បើយ៩០១នាក់៕