កំពង់ស្ពឺ៖ បុរសម្ចាស់ដេប៉ូឈើម្នាក់បានរងរបួសដោយគ្រាប់កាំភ្លើងក្នុងអំពើប្លន់ប្រដាប់អាវុធដែលក្រុមចោរមានគ្នីគ្នាប្រមាណ៦នាក់ចូលប្លន់ដល់ក្នុងផ្ទះ ប៉ុន្តែមនុស្សផ្សេងទៀតមិនមានរងគ្រោះថ្នាក់ទេ។
សេចក្តីរាយការណ៍បឋមរបស់សមត្ថកិច្ចបានឲ្យដឹងថា ក្រុមចោរប្រដាប់អាវុធចំនួន ៦នាក់ ប្រដាប់ដោយអាវុធវែងខ្លីគ្រប់ដៃ ពាក់ឯកសណ្ឋានយោធា នៅវេលាម៉ោង ១៩:៤០យប់ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ បានចូលប្លន់ផ្ទះជនរងគ្រោះឈ្មោះ ផេង វណ្ណៈ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរបើកដេប៉ូលក់ឈើ ដែលមានទីតាំងនៅភូមិផ្សារស្លាបលែង ឃុំស្វាយរំពារ ស្រុកបរសេដ្ឋ ។
ប្រភពបន្តថា ក្រុមជនល្មើសបានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះចំនួន ៣គ្រាប់ ប៉ុន្តែត្រូវជនរងគ្រោះត្រូវតែ១គ្រាប់ទេ គឺត្រូវពោះខាងស្តាំ បណ្ដាលឲ្យរងរបួសធ្ងន់។ភ្លាមៗនោះ ជនរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។
ប្រភពបន្តទៀតថា ក្នុងករណីប្លន់នេះក្រុមជនល្មើសបានរត់គេចខ្លួនបាត់ ដោយបន្សល់ទុកភស្តុតាងដូចជា ពិលចំនួន ២ និងដបទឹក២។ បច្ចុប្បន្នសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ ដើម្បីឈានទៅរកការចាប់ខ្លួន។
ទោះជាយ៉ាងនេះក្តី មកដល់ព្រឹកថ្ងៃទី២១ ខែកក្កដា នេះ សមត្ថកិច្ចនៅមិនទាន់ផ្តល់ព័ត៌មានលម្អិតស្តីពីការបាត់បង់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះក្នុងអំពើប្លន់ប្រដាប់អាវុធនោះនៅឡើយទេ៕ដោយ៖រដ្ឋា