នគរបាលនឹងអនុវត្តការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ចរាចរណ៍តាមអនុក្រឹត្យថ្មីចាប់ពីដើមខែក្រោយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 April, 2020 ក+ ក-

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ពីពេលវេលា នៃការចាប់ផ្តើមអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ តាមអនុក្រឹត្យថ្មី ចាប់ពីថ្ងៃទី០១ ខែឧសភាតទៅ ដែលទឹកប្រាក់ពិន័យក្នុងអនុក្រឹត្យថ្មីនេះ កើនពី៣ទៅ៥ដង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់សម្តេចក្រឡាហោម ស ខេង ដែលទទួលបាននៅថ្ងៃទី១៧ ខែមេសានេះ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា «គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ផ្លូវឱ្យបានជ្រាបថា ចាប់ពីថ្ងៃសុក្រ ទី០១ ខែឧសភា ឆ្នាំ២០២០តទៅ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នឹងអនុវត្តការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកតាមអនុក្រឹត្យលេខ៣៩ អនក្រ.បក ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ៤៤ អនក្រ.បក ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៧ ស្ដីពីការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសនឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ដែលបានដំឡើងកម្រិតទឹកប្រាក់ពិន័យក្នុងចំនួនពី ៣ទៅ៥ ដង»៕