ភ្នំពេញ ៖ តំបន់ការពារធម្មជាតិចំនួន២ គឺ «ដែនជម្រកសត្វព្រៃពាមក្រសោប» ក្នុងខេត្តកោះកុង មានផ្ទៃដីសរុប ៤.៦៧២,៦១ ហិកតា និង «ដែនជម្រកសត្វព្រៃភ្នំព្រេច» ខេត្តមណ្ឌលគីរី មានផ្ទៃដីសរុប ៤៥.៥១៩,២៦ ហិកតា ត្រូវបានចុះបញ្ជីជាដីរដ្ឋជាលើកដំបូងក្នុងចំណោមតំបន់ការពារធម្មជាតិដទៃទៀត។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែមេសានេះ បានឲ្យដឹងថា គោលបំណងចម្បងនៃការចុះបញ្ជីដីរដ្ឋនេះ គឺដើម្បីរៀបចំឱ្យមាន «វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ» ច្បាស់លាស់សម្រាប់ដែនជម្រកសត្វព្រៃទាំងពីរ សំដៅកាត់បន្ថយ និងលុបបំបាត់ករណីបទល្មើសកាប់រុករានទន្រ្ទានយកដីរដ្ឋធ្វើជាកម្មសិទ្ធិឯកជនតាមរយៈការរឹតបន្តឹងវិធានការច្បាប់ ក៏ដូចជារួមចំណែកដល់ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងប្រព័ន្ធតំបន់ការពារធម្មជាតិ។
សូមជម្រាបថា បច្ចុប្បន្ន កម្ពុជាមានតំបន់ការពារធម្មជាតិចំនួន ៥៧ កន្លែង និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣តំបន់ គ្របដណ្តប់លើផ្ទៃដីសរុបប្រមាណជាង ៧,២ លានហិកតា៕