ភ្នំពេញ ៖ អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ ២០២០ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសបានកើតឡើងចំនួន ៥៥លើក បណ្តាលឲ្យមនុស្ស ២០នាក់ស្លាប់ និងរបួស ១០២នាក់។
តាមរបាយការណ៍របស់ប៉ូលិសចរាចរណ៍ បានឲ្យដឹងថា មូលហេតុគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំនេះ បានកើតឡើងច្រើនជាងគេដោយសារល្បឿន បើកបរមិនគោរពសិទ្ធិ ប្រជែងគ្នា និងបើកបរក្នុងស្ថានភាពស្រវឹង ជាដើម។
សូមរម្លឹកថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមសហគមន៍ភូមិស្រុកក្នុងអំឡុងពេលចូលឆ្នាំនៅអំឡុងពេលចូលឆ្នាំ នៅឆ្នាំនេះ រាជរដ្ឋាភិបាល បានសម្រេចផ្អាកពិធីបុណ្យចូលឆ្នាំ ហើយតម្រូវឲ្យមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិតទាំងអស់ បន្តធ្វើការងារជាធម្មតា។ក្រៅពីនោះ រាជរដ្ឋាភិបាល ក៏បានសម្រេចហាមឃាត់ការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយ ទៅខេត្តមួយ ចាប់តាំងពីយប់ថ្ងៃទី៩ ខែមេសា ដល់ម៉ោង ៦ព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ ទើបបើកឲ្យមានការធ្វើចរាចរណ៍ឡើងវិញ៕