ភ្នំពេញ ៖ នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានសរសេរក្នុងហ្វេសប៊ុកផ្លូវការដូច្នេះថា ៖ « គិតត្រឹមព្រឹកថ្ងៃ១៧ មេសា ២០២០ នេះ សប្បុរសជនដែលបានចូលរួមជាថវិកាសម្រាប់ប្រយុទ្ធ ជាមួយជំងឺកូវីដ-១៩មានចំនួន ទឹកប្រាក់ចំនួន ១៣.៥៩៧.២៩៥ដុល្លារ ដោយមិនទាន់គិតពីជំនួយជាសម្ភារៈ បរិក្ខារ ដូចជាម៉ាស អាកុល សាប៊ូ សម្ភារៈពេទ្យ។ល។ ដែលមានតម្លៃរាប់លានដុល្លារ ថែមទៀត។
ដោយឡែក ការរួមវិភាគទានតាមរយៈការបរិច្ចាគបៀវត្សទាំងស្រុង ឬ មួយផ្នែកនៃមន្ត្រី ពីគ្រប់ស្ថាប័នថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទគិតត្រឹម
ព្រឹកថ្ងៃ១៦ មេសា ២០២០ នេះ មានចំនួន ១៤.៧៥១នាក់ និងនៅសល់មួយចំនួនទៀត ដែលកំពុងផ្ទៀងផ្ទាត់នៅក្រសួងមុខងារសាធារណៈ។
ក្នុងសំណេរដដែលនេះ សម្តេចតេជោ បានថ្លែងសសើរ និងកត់សម្គាល់ថា « នេះជាចលនាជាតិដ៏ខ្លាំងក្លាមួយរបស់ប្រជាជនកម្ពុជាយើងក្នុងការប្រយុទ្ធជាមួយជំងឺដ៏កាចសាហាវនេះ ដែលទូលព្រះបង្គំខ្ញុំព្រះករុណាខ្ញុំ សូមថ្លែងអំណរព្រះគុណ ថ្វាយព្រះមហាក្សត្រ ថ្វាយសម្តេចម៉ែ ប្រគេនព្រះសង្ឃគ្រប់ព្រះអង្គ ជូនជនរួមជាតិ មន្ត្រីរាជការគ្រប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានចូលរួមក្នុងចលនាជាតិដ៏ធំមួយនេះ»៕