សាខាកាកបាទក្រហមកម្ពុជាប្រគល់ផ្ទះជូនលោកយាយទីទ័លក្រ១ខ្នង ក្នុងស្រុកស្វាយចេក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 April, 2020 ក+ ក-

ខេត្តបន្ទាយមានជ័យ៖ ផ្ទះថ្មីមួយខ្នងមានទំហំបណ្តោយ៦ម៉ែត្រ ទទឹង៤ម៉ែត្រ កំពស់៣,៨ម៉ែត្រ សង់ពីដែកប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី ផ្ទះរាបបាតចាក់បេតុងចំណាយអស់ថវិការសរុបចំនួន ១,៧៦៨ដុល្លាជាជំនួយថវិការពីសាខាកាកបាទក្រហមខេត្តបន្ទាយមានជ័យ ត្រូវបានធ្វើពិធីប្រគល់ជូនលោកយាយ យឹម យឿម អាយុ៧៨ឆ្នាំ នៅភូមិរកាថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ពិធីប្រគល់ធ្វើឡើងនៅរសៀលថ្ងៃទី១៧ខែមេសាឆ្នាំ២០២០ក្រោមវត្តមានលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ។
យោងតាមសម្តីលោកមេឃុំស្វាយចេកបានអោយដឹងថាលោកយាយ យឹម យឿម ពុំមានសមាជិកគ្រួសារនោះទេ រស់នៅតែម្នាក់ឯងគ្មានប្តីគ្មានកូនបងប្អូន កូនក្មួយរស់នៅក្នុងសភាពក្រីក្រ ផ្ទះចាស់ទ្រុឌទ្រោមខ្លាំង និងមិនអាចប្រកបមុខរបរបាន ដោយវ័យចាស់ជរាគ្មានប្រភពចំណូលដោយស្ថានភាពទីទ័លក្រលំបាកខ្លាំងត្រូវបង្ខំចិត្តសុំស្នាក់នៅពឹងពាក់អាស្រ័យជាមួយអ្នកជិតខាង។
លោក អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តបានមានប្រសាសន៍ថា៖ផ្ទះថ្មីដែលបានធ្វើពិធីប្រគល់ជូនលោកយាយ យឹម យឿម នាពេលនេះគឺជាផ្ទះមនុស្សធម៌ទី៦ ហើយសម្រាប់ខេត្តបន្ទាយមានជ័យ ដែលមានលក្ខណៈសមរម្យហើយនឹងរឹងមាំអាចកាត់បន្ថយហានីភ័យបានមួយកម្រិត និងបានលើកកម្ពស់តម្លៃមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ជាប្រធានដឹកនាំនៃស្ថាប័នមនុស្សធម៌ធំជាងគេក្នុងប្រទេសកម្ពុជាយើង ។ ហើយគោលការណ៍របស់កាកបាទក្រហមគឺអោយតែប្រជាពលរដ្ឋជួបនូវការលំបាកទីណា គឺទីនោះមានកាកបាទក្រហមកម្ពុជាចុះជួយជានិច្ច ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ដូចមានទិសស្លោកពោលថា(កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែងសម្រាប់គ្រប់គ្នាដោយមិនទុកនណាម្នាក់ចោលនោះឡើយ)។ក្រោយពីប្រគល់ផ្ទះជូនលោកយាយ ក៏បានផ្តល់នូវអំណោយមនុស្សធម៌បន្ថែមរួមមាន៖អង្ករ៥០គីឡូក្រាម,ត្រីខ២០កំប៉ុង,មី២កេស,ទឹកសីុអុីវ៦ដប,ប្រេងឆា១ដប,កន្ទេលជ័រ១,មុង១,ភួយ១,សារុង១,ក្រម៉ា១,អាវយឺត២,ឆ្នាំង២,ចានបាយ៥,ស្លាបព្រា១០ និងប្រជាពលរដ្ឋចូលរួមម្នាក់ៗទទួលបានក្រម៉ា១ អាវយឺត២និងសាប៊ូលាងដៃមួយចំនួន។
នាថ្ងៃដដែលនោះដែរឯកឧត្តម អ៊ុ រាត្រី និងអស់លោក លោកស្រីរួមដំណើរបានអញ្ជើញចូលរួមក្នុងការឧបត្ថម្ភជួយសាងសង់ផ្ទះ១ខ្នងទៀត ជូនលោកស្រី វ៉ាន ម៉ីន អាយុ៦២ឆ្នាំរស់នៅជាមួយចៅស្រីតូចក្នុងភូមិទ័ពសៀម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ មានជីវភាពទ័លក្រគ្មានផ្ទះសម្បែងត្រឹមត្រូវ ហើយក្នុងការសាងសង់ផ្ទះនេះយើងឃើញថាមានការជួយជ្រោមជ្រែងពីព្រះតេជគុណព្រះអនុគុណស្រុកស្វាយចេក កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជនផងដែរ៕