ដោយ ៖ កូវ ប៊ុនហេង
ខេត្តព្រះវិហារ ៖ វត្តកែវសិក្ខាគិរីស្វារៈ គឺជាវត្តដ៏ចំណាស់មួយ សង់នៅជាប់នឹងចម្រាក់ភ្នំ ឡើងទៅកាន់ប្រាសាទព្រះវិហារ ស្ថិតនៅលើកំពូលភ្នំដងរែក ដ៏ខ្ពស់របស់កម្ពុជា។ វត្តដាច់ស្រយាលមួយនេះ ត្រូវគេដឹងថា មិនសូវមានប្រជាពុទ្ធបរិស័ទ នាំយកទេយ្យវត្ថុ ឬ បច្ច័យ ទៅប្រគេនព្រះសង្ឃគង់នៅទីនោះឡើយ ក្រៅពីអភិបាលរខេត្ត អាជ្ញាធរស្រុក និងមន្ត្រីមូលដ្ឋាន នៅក្នុងដែនដីនោះប៉ុណ្ណោះ។
លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តនិងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារបានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត នាំយកថវិកាជាង ៣០០០ដុល្លារអាមេរិក ទេយ្យទាន រួមទាំងភ័ស្តារជាច្រើនមុខ ទៅប្រគេនព្រះសង្ឃដែលគង់ចាំអស់ត្រីមាស ក្នុងពុទ្ធសីមា។ ការប្រគេនបច្ច័យនោះ ថ្នាក់ដឹកនាំខេត្ត បានធ្វើឡើងកាលពី ថ្ងៃទី១៨ខែមេសាឆ្នាំ២០២០ នេះ នៅវត្តកែវសិក្ខាគិរីស្វារៈ នៃប្រាសាទព្រះវិហារ នៅក្នុងកាលៈទេសៈមួយដ៏លំបាក គ្រាដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលជាសកល នៅលើពិភពលោក និងនៅក្នុងប្រទេសកម្ពុជា។ ហើយនៅកម្ពុជា នាគ្រាបច្ចុប្បន្ន អ្នកផ្ទុកជំងឺកូវីដ១៩នេះ បានជាសះស្បើយជាបន្តបន្ទាប់ និងនៅមានអ្នកកើតកូវីដ ថយមកនៅចំនួនតិចតួច ប៉ុណ្ណោះ។
បន្ទាប់ពីថ្នាក់ដឹកនាំខេត្តព្រះវិហារ បានប្រគេនបច្ច័យ និងទេយ្យទាន ជូនព្រះសង្ឃរួចហើយ បលោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមនឹងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត បានអញ្ជើញឡើងទៅកាន់ប្រាសាទព្រះវិហារ ដែលជារមណីដ្ឋានបុរាណ និងបង្កប់ទៅដោយវប្បធម៌រូបិយ និងអរូបិយ ជាច្រើន នៅលើកំពូលភ្នំដងរែក ដែលជាទីខណ្ឌចែកទឹកដី រវាងប្រទេសកម្ពុជា និងប្រទេសថៃ ដើម្បីថ្វាយបង្គុំ និងបួងសួងសុំសេចក្តីសុខ ពីព្រះគុណព្រះរតនត្រ័យ វត្ថុស័ក្តសិទ្ធ កែវទាំងបី និងបារមីលោកតាឌី ដែលជាអតីតមេទ័ពប្រមុខ ការពារប្រាសាទព្រះវិហារ របស់ប្រទេសកម្ពុជា ឲ្យបានគង់វង្សមកទល់សព្វថ្ងៃ និងបានបួងសួង បន់ស្រន់សុំសេចក្តីសុខ ពីទេព្តាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី បុត្រីទី២ កបិលមហាព្រហ្ម ប្រោសប្រទានសេចក្តីសុខ ចម្រើន សិរីមង្គល វិបុលសុខ បរវមហារប្រសើរ ជូនដល់ប្រមុខរាជរដ្ឋាភិបាល រដ្ឋសភាជាតិ ព្រឹទ្ធសភាជាតិ អង្គព្រះមហាក្សត្រ ថ្នាក់ដឹកនាំខេត្តព្រះវិហារ មន្ត្រីរាជាការ កងកម្លាំងប្រដាប់អាវុធ និងប្រពលរដ្ឋខ្មែរ គ្រប់ក្រមគ្រួសារ ជានិច្ចនិរន្តន៍។
ស្របពេលជាមួយគ្នានោះ ថ្នាក់ដឹកនាំខេត្តព្រះវិហារ បានបំពាក់ក្រមា និងឧបត្ថម្ភថវិកាមួយចំនួន ដល់យុទ្ធជនការពារព្រំដែន និងមន្ត្រីអភិរក្សតំបន់ប្រាសាទព្រះវិហារ ដែលកំពុងឈរជើងការពារទឹកដី នៅលើកំពូលភ្នំដងរែក នៃប្រាសាទព្រះវិហារ។ ក្រៅពីនោះ ថ្នាក់ដឹកនាំខេត្ត ក៏បានអញ្ជើញសួរសុខទុក្ខ និងផ្តល់ថវិកា ១លានរៀល ដល់មេបញ្ជាការរងកងពលធំអន្តរាគមន៍លេខ៣ ប្រចាំទិសទី១ ប្រាសាទព្រះវិហារ លោកឧត្តមសេនីយ៍ យ៉ោក វណ្ណលុច ទទួលបន្ទុកការងារសន្តិសុខ អាជ្ញាធរជាតិព្រះវិហារ ទុកដោះស្រាយ នៅក្នុងការបំពេញភារកិច្ច ការពារជាតិ ៕